ព័ត៌មានទាន់ហេតុការណ៍៖

នាយរងការិយាល័យហិរញ្ញវត្ថុអាវុធហត្ថលើផ្ទៃប្រទេស និងបក្ខពួកសរុប៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន, ដកហូតថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការជាបន្ដបន្ទាប់ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ក្នុងនោះមានជនសង្ស័យម្នាក់ជានាយរងការិយាល័យហិរញ្ញវត្ថុអាវុធហត្ថលើផ្ទៃប្រទេស។
សមត្ថកិច្ចបានអោយដឹងថា៖ ករណីជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនបាន៣នាក់ ស្ថិតក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀននាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានប្រាប់បណ្ដាញសារព័ត៌មាន នៅមុននេះបន្ដិចថា៖ កម្លាំងរបស់មន្ទីរពិតជាបានឃាត់ខ្លួនជនសង្ស័យ៣នាក់ពិតប្រាកដមែន ប៉ុន្ដែលោកមិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណជនសង្ស័យនៅឡើយទេ។
យ៉ាងណាក៏ដោយ មន្ដ្រីអាវុធហត្ថដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀននេះ ឈ្មោះវរសេនីយ៍ទោ ហោ រ៉ាពិណាត តួនាទីជានាយរងការិយាល័យហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
គួរំលឹកថា៖ ចំពោះមន្ដ្រីអាវុធហត្ថទូទាំងប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ហាមដាច់ខាតមិនឲ្យពាក់ព័ន្ធល្មើសអ្វីនោះទេ ហើយបើមន្ដ្រីណាដែលពាក់ព័ន្ធត្រូវទទួលទោសតាមច្បាប់ ក៏ដូចជាបណ្តេញចេញពីក្របខណ្ឌកងទ័ពជាដើម៕

ដោយ៖ស្រីមាស


ចែករំលែក៖