ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៣នាក់ របួសធ្ងន់ ស្រាល៥នាក់ ក្នុងហេតុការណ៍ រថយន្តដឹកទឹកកក បុកជាមួយ ហាយឡេនឌឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្តហាយឡេនឌឺ បុកជាមួយរថយន្ត ដឹកទឹកកក ក្នុងទិសដៅបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្សប្រុស ស្រីស្លាប់ ចំនួន០៣នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន០៥នាក់ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ភ្លាមៗផងដែរ ។

ហេតុការណ៍រថយន្តបុកគ្នានេះ កើតឡើងកាលពីវេលាម៉ោង០៥ និង១៥នាទីព្រឹក ថ្ងៃទី១០​ ខែមេសា ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៦៣ ទៅលេខ៦៤ ចំណុចភូមិក្រាំងខ្វាវ ឃុំគីរីវន្ត​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកហាយឡេនឌឺ ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2C-7377 អ្នកបើកបរមានឈ្មោះ នី ភេទ ប្រុស អាយុ អាយុ៣១ឆ្នាំមុខរបរបើកបររថយន្តតាក់ស៊ី រស់នៅក្នុង ខេត្តព្រះសីហនុដែលក្នុងរថយន្ត រួមដំណើរមានមនុស្សចំនួន ០៦នាក់ទៀត៖ ដែលទី០១មានឈ្មោះ ស្រី អូន ភេទស្រីអាយុ៣០ ឆ្នាំ រស់នៅ ភូមិត្នោតថ្មី ឃុំបារាយ ស្រុកស្ទោង ខេត្តកំពង់ធំ(រងរបួស) ទី០២មានឈ្មោះ ម៉ៃ អន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅ ភូមិត្នោតថ្មី ឃុំបារាយ ស្រុកស្ទោង ខេត្តកំពង់ធំបាន​(ស្លាប់)ទី០៣មិនទាន់ស្គាល់ឈ្មោះ ភេទប្រុស មិនទាន់ដឹងអាយុនៅឡើយទេបានរង (របួសធ្ងន់ធ្ងរ)ទី០៤មិនស្គាល់ឈ្មោះ ភេទស្រី មិនដឹងអាយុ បាន(ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ)ទី០៥ មិនស្គាល់ឈ្មោះ ភេទ ស្រី (បានស្លាប់នៅកន្លែងកើតហេតុ) និងទី០៦មិនស្គាល់ឈ្មោះ ភេទប្រុស អាយុជាង៣០ឆ្នាំ(បានរងរបួសធ្ងន់ធ្ងរ) ដែលរថយន្តខាងលើបាន បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅ ពីទិសខាងលិចទៅទិសខាងកើតលុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយ រថយន្ត០១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ(ផលិតនៅប្រទេសកូរ៉េ)ដឹកទឹកកកពេញ ពណ៌ស ពាក់ស្លាកលេខ ក-8658-ព.ភ3 អ្នកបើកបររថយន្ដ មានឈ្មោះភាព ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរបើកបររថយន្តដឹកទឹកកកបោះឲ្យម៉ូយ រស់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភពបន្តថា រថយន្តទាំង២បើកបររបញ្រ្ចាសទិសគ្នា ហើយបានបុកគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន០៣នាក់បានស្លាប់ក្នុងនោះ ស្រីចំនួន០២នាក់ ហើយរង របួសធ្ងន់ ធ្ងរ០៥នាក់ ស្រីចំនួន០២នាក់ផងដែរ ។

ប្រភពបន្តទៀតថា បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើ កំណត់ហេតុវាស់វែងតាមនីតិវិធី ចំណែកសពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ អ្នករងរបួសដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្រកំពង់ស្ពឺ ។ វត្ថុតាងទាំង២គ្រឿងរងការខូចខាតកំរិតធ្ងន់នគរបាលបានអូសស្ទូចយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរង់ចាំដោះស្រាយនៅពេលក្រោយ ៕ សេនាស័ក្តិ


ចែករំលែក៖