ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌច្បារអំពៅនិមន្ដព្រះសង្ឃ សូត្រមន្ត បង្សុកូល និងរាប់បាត្រព្រះសង្ឃ៤២អង្គ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ក្រុមប្រឹក្សាសង្កាត់ មន្រ្តីសង្កាត់ នគរបាលប៉ុស្តិ៍ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ ដឹកនាំដោយលោកចេង មុនីរ៉ា និងលោកស្រី នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រហ្ម លើករាសី សុំសេចក្តីសុខ ចំរុងចំរើន ពីទេវត្តាឆ្នាំថ្មី និងសូមឲ្យតាមជួយបីបាច់ថែរក្សា ចៀសផុតឧបទ្រពចង្រៃ ទាំងឡាយទាំងពួង សូមឲ្យគ្រប់សកម្មភាពការងារ និងរបររកទទួលទាន ទាំងឡាយបានទទួលជោគជ័យ ព្រមទាំងមានសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងរាប់បាត្របង្សុកូលដើម្បីឧទ្ទិសកុសល្យផលបុណ្យ ដល់បុព្វការីជនទាំងឡាយ ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ ។

លោក ចេង មុនីរ៉ា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់ លោក ព្រមទាំង មន្រ្តីចៅសង្កាត់ តែងតែជួបជុំគ្នា និមន្ដព្រះសង្ឃបង្សុកូល និងរាប់បាត្រព្រះសង្ឃ ៤២អង្គដើម្បីកាត់ផ្ដាច់នូវ រាល់ឧបទ្រុបចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យកសិរី សួស្ដី នៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការជូនប្រជាពលរដ្ឋ នាឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

លោកអភិបាល បានសម្ដែងមោទនភាព ដែលបានរៀបចំពិធីដ៏មានអត្ថន័យ ហើយនេះ ជារៀងរាល់ឆ្នាំ ហើយវាជាគុណតម្លៃ ដែលតែងតែបានយកចិត្តទុក ដាក់ ប្រតិបត្តិជានិច្ចក្នុងនាមជាកូនខ្មែរ និងពុទ្ធសាសនិកជនខ្មែរ ដែលធ្លាប់មានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងល្បីល្បាញ ព្រោះជនជាតិខ្មែរមានប្រវត្តិធ្វើពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាំងពីបុរាណកាលរហូតមក ។

ពិធីនោះ ក៏បានបួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំកុរ ឯកស័ក ព​.​ស​ ២៥៦៣ ព្រះ​នាង ព្រះនាម ទុ​ង្សា​ទេវី​ ដែល​នឹង​យាង​ចូលមក​ថែរក្សា​គ្រប់​គ្រង់​ព្រះរាជាណាចក្រ​កម្ពុជា ជំនួសទេវតាឆ្នាំចាស់ ជួយ​ប្រោះព្រំ​ពរជ័យ​ សព្វសាធុ​ការ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី កាកបាតក្រហមទាំងអស់ ទទួលបាននូវភាពជោគជ័យថ្មីៗទៀត ពិសេសក្នុងសម្មភាពជួយប្រជាពលរដ្ឋដែលរងគ្រោះ និងប្រជាពលរដ្ឋដែលងាយរងគ្រោះ ក្រោមការដឹកនាំ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។

លោក ចេង មុនីរ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌច្បារអំពៅទាំងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះចៀសវាង ការលេងប៉ាតម្សៅ ជះទឹកដាក់គ្នា ព្រោះនេះ មិនមែនជាប្រពៃណីខ្មែរទេ និងត្រូវមានការប្រុងប្រយ័ត្ន នូវរាល់ភ្លើងធូបទៀន គ្រោះអគ្គិភ័យ ជាយថាហេតុ ។

បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត នៅសាលាខណ្ឌរួចហើយ លោក ចេង មុនីរ៉ា រួមនឹងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាខណ្ឌ រាប់បាត្រព្រះសង្ឃ៤២អង្គ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយក៏មានរបាំរាំដេញឧបទ្រុបចង្រៃក្នុងឆ្នាំចាស់ចេញ និងជាទីបញ្ចប់ នៅកម្មវិធីក៏មានរបាំជូនពរដល់គណៈអភិបាលខណ្ឌ និងមន្រ្តីរាជការនៃសាលាខណ្ឌផងដែរ ។

សង្ក្រាន្តឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ នឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ទី១០កើត ខែចេត្រ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ដោយ​មានរយៈពេល​៣​ថ្ងៃ ៕ សណ្តោស


ចែករំលែក៖