បណ្តាគណបក្សនយោបាយឥណ្ឌា បានបង្កើនការឃោសនាបោះឆ្នោត ស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតសភា ដែលនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ ។ តាមការលើកឡើងរបស់គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌាបានបញ្ជាក់ថា មានពលរដ្ឋប្រមាណ ៩០០លាននាក់ទៅបោះឆ្នោត ។
គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌាបានប្រកាសឲ្យដឹងថា ការបោះឆ្នោតធ្វើឡើងរយៈពេល១ខែ ដោយបោះឆ្នោត៧លើក ផ្សេងគ្នា ។ ការបោះឆ្នោត នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមេសា, និងថ្ងៃទី១៨, ២៣, ២៩ ខែមេសា ថ្ងៃទី៦ ខែឧសភា , ថ្ងៃទី១២ ខែឧសភា និងថ្ងៃទី១៩ ខែឧសភា ហើយការប្រកាសលទ្ធផលបណ្តោះអាសន្ន ធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ។
នៅពេលនេះដែរ ក៏បានអំពើហិង្សាកើតឡើងជាច្រើន នៅពេលឃោសនាបោះឆ្នោត បង្កឡើងដោយក្រុមឧទ្ទាមជ្រុលនិយម ។ កាលពីថ្ងៃទី៩ ខែមេសា មានមនុស្ស៥នាក់ស្លាប់ នៅក្នុងការវាយប្រហារគ្រាប់បែក ទៅលើក្បួនរថយន្តឃោសនាបោះឆ្នោត នៅរដ្ឋ Chhattisgarh ភាគខាងកើតប្រទេសឥណ្ឌា កាលពីថ្ងៃទី៩ ខែមេសា ។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឥណ្ឌា និងសភា នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមេសា ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្នុងចំណោម អ្នកស្លាប់មានតំណាងរាស្ត្រ Bheema Mandavi មកពីគណបក្ស Bharatiya Janata (BJP) ។ ភេរវករម្នាក់មកពីក្រុម Maoist បានបំផ្ទុះគ្រាប់បែករួចបាញ់ប្រហារទៅលើក្បួនរថយន្ត ដឹកលោក Mandavi និងមន្ត្រីគណបក្ស BJP តែម្តង ។ ក្បួនរថយន្តខាងលើបានវិលត្រឡប់មកពីឃោសនាបោះឆ្នោត ។
ក្រុម Maoist គឺជាក្រុមប្រដាប់អាវុធប្រឆាំង នឹងរដ្ឋាភិបាលឥណ្ឌាជាច្រើនទសវត្សរ៍កន្លងមក ។ ក្រុមឧទ្ទាមខាងលើតែងតែអំពាវនាវ ឲ្យពលរដ្ឋ កុំទៅបោះឆ្នោត ដើម្បីប្រឆាំងរដ្ឋាភិបាល ។ ក្រុមឧទ្ទាម Maoist ត្រូវបានគេដឹងថា មាន វត្តមាននៅ២០រដ្ឋ ក្នុងប្រទេសឥណ្ឌា ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ រដ្ឋភាគខាងជើង Jammu និងKashmir ក៏មាន ហេតុការណ៍បាញ់ប្រហារនៅក្នុងមន្ទីរពេទ្យ សម្លាប់មនុស្ស ក្នុងតំបន់គឺលោក Chandrakant Sharma រួមជាមួយអង្គរក្សរបស់លោក ។ រដ្ឋាភិបាលឥណ្ឌាបានចាត់វិធានការ ការពារសន្តិសុខយ៉ាងតឹងតែងបំផុត នៅតំបន់កាស្មៀរ ជាប់ព្រំដែនប៉ាគីស្ថាន ដោយនៅទីនោះភាគច្រើនជាក្រុមជនជាតិអ៊ីស្លាមរស់នៅ ៕