ប្រធានាធិបតីអេហ្ស៊ីប កាលពីថ្ងៃទី៩ ខែមេសា បានបំពេញទស្សនកិច្ចជាលើកទីពីរ ទៅកាន់អាមេរិក ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង ក្នុងនោះមានវិស័យពាណិជ្ជកម្ម និងយោធា ។
នៅក្នុងដំណើរទស្សនកិច្ចនោះ បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសអេហ្ស៊ីប មិនបានស្ថិតនៅក្នុងប្រធានបទរបស់លោកដូណាល់ ត្រាំ នោះឡើយ បើទោះបីក្រុមសិទ្ធិមនុស្សនិយាយថា របបដឹកនាំអេហ្ស៊ីបបាន និងកំពុងគាបសង្កត់យ៉ាងខ្លាំងទៅលើក្រុមប្រឆាំងយ៉ាងណាក៏ដោយ ជាពិសេសនៅមុនពេលគម្រោងធ្វើប្រជាមតិរដ្ឋធម្មនុញ្ញ ដែលជាសក្តានុពល ឲ្យលោក el-Sissi បន្តកាន់អំណាចនៅអេហ្ស៊ីបរហូតដល់ឆ្នាំ២០៣៤ ។
ផ្ទុយទៅវិញ លោកដូណាល់ ត្រាំ បានជំរុញ និងលើកសរសើរឲ្យមេដឹកនាំអេហ្ស៊ីប ខិតខំប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវកម្ម ។ លោក ត្រាំ ថ្លែងថា ការប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម មានភាពល្អប្រសើរ និងជឿនលឿនទៅមុខ តាមទម្រង់ច្រើនបែបយ៉ាង ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៣ លោក El-Sissi បានដឹកនាំកម្លាំងយោធាធ្វើរដ្ឋប្រហាររដ្ឋាភិបាលជាប់ឆ្នោត តែមានការបែកបាក់ របស់ប្រធានាធិបតីអិស្លាមនិយម មូហាមេដ មឺស៊ី ។ លោក Sissi ជាអ្នកបញ្ជាឲ្យបង្ក្រាបបន្តបន្ទាប់ទៅលើក្រុមប្រឆាំងនៅប្រេស៊ីល រហូតមកដល់ឆ្នាំ២០១៨ កន្លងនេះ លោកបានជាប់ឆ្នោតដឹកនាំអេហ្ស៊ីបបន្តទៀត ។
ក្រុមសង្កេតការសិទ្ធិមនុស្សអះអាងថា អេហ្ស៊ីបមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តួយ៉ាងដូចជាការជំនុំជម្រះទោសក្រុមប្រឆាំងរាប់រយនាក់ ដោយមិនមានការស៊ើបអង្កេតច្បាស់លាស់ជាដើម ។ មិនថាតែតុលាការស៊ីវិល ឬយោធានោះឡើយ គឺកាត់ទោសមនុស្សរាប់ពាន់នាក់ភាគច្រើនជាក្រុមសកម្មជនគណបក្សប្រឆាំង ។
ក្រុមសិទ្ធិមនុស្សអះអាងទៀតថា សាលក្រមជាច្រើនត្រូវបានលើកលែងការចោទប្រកាន់ទោស ប៉ុន្តែទោះបីយ៉ាងណា អាជ្ញាធរអេហ្ស៊ីបបានប្រហារជីវិតមនុស្សយ៉ាងតិច១៨០នាក់ តាំងពីឆ្នាំ២០១៣មកទល់ពេលនេះ ៕