ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ យោងតាមលោក តូច ប៉ូលីវ៉ា ប្រធានអនុគណៈកម្មការរៀបចំពិធីសង្ក្រាន្តស្វាយរៀង បានបង្ហាញឲ្យដឹងពីពលរដ្ឋមកពីគ្រប់ទិសទី ចូលលេងសង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃ មានពលរដ្ឋចំនួន៤៦៧.៥០៥នាក់ ។
របាយការណ៍សរុបទាំង៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ ក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀងដូចខាងក្រោម ៖ ១.ចំនួនអ្នកចូលរួម ៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋ សាធារណជនចូលរួមលេងកម្សាន្តមានចំនួន៨៥,០៣៥នាក់ ។ ថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០១៩ មានយុវជន ប្រជាពលរដ្ឋ សាធារណជនចូលរួមលេងកម្សាន្តមានចំនួន១៧២,១៨៧នាក់ ។ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានយុវជន ប្រជាពលរដ្ឋ សាធារណជនចូលរួមលេងកម្សាន្តមានចំនួន ២១៥,១៦៨នាក់ សរុបទាំង៣ថ្ងៃមានចំនួន ៤៧២,៣៩០នាក់ ។
លោកបានបង្ហាញទៀតថា ចំនួនករណីវង្វេងសាច់ញាតិទាំង៣ថ្ងៃ នៃសង្ក្រាន្តស្វាយរៀង មាន២៦ករណី និងបញ្ហាសុខភាពសរុបទាំង៣ថ្ងៃមានចំនួន៣៧នាក់ បញ្ហាសុខភាពមាន០៦នាក់ (ឈឺក្បាល ០២នាក់ ចង់ក្អួត ០២នាក់ ឈឺក ០១នាក់ ឈាមច្រមុះ ០១នាក់) ក្នុងនោះបានបញ្ជូនទៅមន្ទីរពេទ្យមានចំនួន ០៤នាក់ ។
ចំពោះតំបន់កម្សាន្តមានចំនួន៨កន្លែង រួមមាន ៖ ទី១.តំបន់ត្រជាក់ចិត្ត, ទី២.តន្ត្រី DTM, ទី៣.សួនកុមារ, ទី៤.ល្បែងប្រជាប្រិយ, ទី៥.តំបន់ម្ហូបអាហារ, ទី៦.ពិពណ៌តន្ត្រីទសវត្សទី៦០, ទី៧.តំបន់ពិព័រណ៌ពាណិជ្ជកម្ម និងទី៨.តំបន់ពិព័រណ៌ពាណិជ្ជកម្មបណ្តាក្រុងស្រុកទាំង៨ក្នុងខេត្តស្វាយរៀង ។
ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងនេះ ធ្វើឡើងក្រោមវត្តមានលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកស្រី និងមានការចូលរួមអមដំណើរដោយអភិបាលរងខេត្ត និងប្រធាន-អនុប្រធានគណៈកម្មការសង្ក្រាន្តស្វាយរៀង និងតំណាង ស.ស.យ.ក ខេត្តស្វាយរៀងជាច្រើនរូបទៀត ។
ក្នុងឱកាសបើកព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងន លោកអភិបាលខេត្តបានលើកឡើងថា ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង មានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ។
ឆ្នាំនេះជាលើកទី៣ហើយ ដែលថ្នាក់ដឹកនាំខេត្ត និង ស.ស.យ.ក ខេត្តស្វាយរៀង បានយកចិត្តទុកដាក់ក្នុងន័យបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ៕ យឹម សុថាន