ភ្នំពេញ៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ ប៊ែលធី គ្រុប បានប្រារព្ធពិធីជប់លៀងជូន គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ សរុបជិត ២,៥០០នាក់ ដើម្បីអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអគ្គនាយកប៊ែលធីគ្រុប និងលោកស្រី ។
លោកបណ្ឌិត លី ឆេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ កម្លាំងចិត្ត កម្លាំងកាយ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន រយៈពេលពេញ ១ឆ្នាំ ទាំងផ្នែកប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ និងប៊ែលធីអប់រំ។ ក្នុងនោះប៊ែលធីអប់រំ ចែកចេញជា ៣ ៖
I-សាលា ប៊ែលធី អន្តរជាតិ បច្ចុប្បន្នមាន ២០ទីតាំង ដែលមានសិស្សកំពុងសិក្សាជាង ៤២,០០០នាក់ ដែលមានកម្មវិធីសិក្សាធំៗទាំង ៥ ៖ ១-ចំណេះទូទៅ មានពីថ្នាក់ត្រៀម, ថ្នាក់ទី១ ដល់ទី១២ ២-ភាសាអង់គ្លេសទូទៅ(ESL Program) មានពីថ្នាក់ត្រៀម, Level 1 ដល់Level 12 ៣-កម្មវិធីគណនាលេខរហ័ស IMA (Intelligent Mental-Arithmetic) ជាកម្មវិធីសិក្សាថ្មី ដែលទទួលសិទ្ធិផ្តាច់មុខពីប្រទេសម៉ាឡេស៊ី នឹងជួយបង្កើនល្បឿននៃការគិតលេខ និងអភិវឌ្ឍខួរក្បាលរបស់កុមារឱ្យមានភាពវ័យឆ្លាត ស្ទាត់ជំនាញ និងឆាប់រហ័សតាមរយៈការប្រើប្រាស់ឧបករណ៍ក្បាច់ (Abacus) និងវិធីសាស្ត្រនៃការបង្រៀនដ៏ទំនើប។ ៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រ និង៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ ។
II-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង) បច្ចុប្បន្នមាននិស្សិតកំពុងសិក្សាជាង ១,១២៤នាក់ ដែលមានកម្មវិធីសិក្សាជាភាសាជាតិ និង អន្តរជាតិ ដែលកម្មវិធីសិក្សា អន្តរជាតិ គឺបង្រៀនផ្តោតទៅលើភាសាអង់គ្លេស ១០០% ជាកម្រិតអន្តរជាតិ ដើម្បីធ្វើឲ្យសិស្សមានទំនាក់ទំនងគ្នា ពីសាលា រហូតដល់ សាកលវិទ្យាល័យ នៅថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ សាកលវិទ្យាល័យ ក៏បានបើកកម្មវិធីសិក្សា បង្រៀន ភាសាចិន និងភាសាជប៉ុន ដោយសហការជាមួយសាកលវិទ្យាល័យដៃគូរនៅប្រទេសចិន និងជប៉ុន សិក្សាជាមួយគ្រួជនជាតិខ្មែរ និងចិន-ជប៉ុន ព្រមទាំងអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តជប៉ុន នៅឆ្នាំទី២តែម្តង និងទទួលបានការងារធ្វើនៅប្រទេសជប៉ុនស្របច្បាប់រយៈពេល៥ឆ្នាំ តាមរយៈក្រុមហ៊ុន JLS, Cambodia Co.,Ltd ប្រាក់ខែចាប់ពី១៥០០ ដុល្លា /១ខែ ជាមួយថ្លៃស្នាក់នៅ សំបុត្រយន្តហោះ និងទិដ្ឋាការនៅប្រទេសជប៉ុន ជាបន្ទុករបស់ក្រុមហ៊ុន។ ករណីចង់រស់នៅ ឬបំរើការងារបន្ត អាចដាក់ពាក្យសុំទិដ្ឋាការរស់នៅអចិន្ត្រយ៍បានដោយស្របច្បាប់។
III-ប៊ែលធីទំនាក់ទំនងអន្តរជាតិ មានបម្រើ សេវាកម្ម ធំៗ ៣ ៖ ១-បញ្ជូនសិស្ស-និស្សិតឆ្នើម និងនិទ្ទេស A ប៊ែលធី ដែលទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេស ២-បញ្ជូនសិស្ស-និស្សិតគ្រប់ប្រភេទ ទូទាំងប្រទេស ដែលមានលទ្ធភាពបង់ថ្លៃសិក្សា ទៅសិក្សានៅក្រៅប្រទេស ៣-បញ្ជូនសិស្ស-និស្សិត ទូទាំងប្រទេស ទៅធ្វើទស្សនកិច្ចសិក្សាក្រៅប្រទេស។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ឆេង និងលោកស្រី ក៏បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុននេះ ព្រមទាំងបានអញ្ជើញចូលរួមរាំលេងកម្សាន្ត និងចាប់ឆ្នោតផ្សងសំណាងជូនបុគ្គលិកទាំងអស់ផងដែរ៕ ស រស្មី