ព័ត៌មានទាន់ហេតុការណ៍៖

រដូវចូលឆ្នាំ២០១៩នេះ ភ្ញៀវជាតិ និងអន្តរជាតិមានការកើនឡើង១,៣៦% បើប្រៀបធៀបឆ្នាំ២០១៨

ចែករំលែក៖

ប៉ោយប៉ែត៖ ដោយមានការយកចិតទុកដាក់ និងរៀបចំ តុបតែងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនូវសង្ក្រាន្តគ្រប់ទីកន្លែងក្នុងឆ្នាំ២០១៩នេះ ធ្វើឲ្យកំណើនភ្ញៀវជាតិ និងអន្តជាតិមានការកើនឡើងគួរឲ្យកត់សម្គាល់ទាំងភ្ញៀវជាតិ និងអន្តជាតិជាងឆ្នាំ២០១៨កន្លងទៅនេះ ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបញ្ជាក់ថា ភ្ញៀវជាតិ រួមទាំងភ្ញៀវអន្តជាតិនៅសង្ក្រាន្តឆ្នាំ២០១៩នេះ មានកំណើនជាងឆ្នាំ២០១៨កន្លងទៅ ១,៣៦% ដោយមានកំណើនមានតិចតូច ព្រោះថានៅអាងទំពាងថ្ម ឆ្នាំនេះ មិនសូវសម្បូរភ្ញៀវនោះទេ ព្រោះថា អាកាសធាតុមិនអំណោយផល មានកំដៅខ្លាំង ម្យ៉ាងទៀត ទឹកនៅក្នុងអាងរីង ដូច្នេះធ្វើឲ្យភ្ញៀវដែលធ្វើដំណើរទៅកំសាន្តមានការថយចុះ ជាងឆ្នាំកន្លងមក ។

លោកថា នៅទីតាំងដទៃទៀត មានការកើនឡើងច្រើនដូចជានៅខេត្តបន្ទាយមានជ័យ ប្រាសាទបន្ទាយឆ្មារ និងទីតាំងក្រុងប៉ោយប៉ែត ជាងនេះនៅមានសង្ក្រាន្តតាមវត្តអារ៉ាម ដូចជាភ្នំបាក់ និងភ្នំតូច មានភ្ញៀវតិចតូច ដូចកាលពីឆ្នាំ២០១៨ហើយ បើសរុបភ្ញៀវជាតិ និងអន្តរជាតិចំនួន៣ថ្ងៃនេះ មាន ១៦៤៦៧០នាក់ នេះចំពោះភ្ញៀវជាតិ ចំពោះភ្ញៀវអន្តជាតិសរុបចំនួន៧៩៧នាក់ ភាគច្រើនគឺជនជាតិចិន គាត់មកលេងកម្សាន្ត នៅទីក្រុងប៉ោយប៉ែត ។

លោកបន្ថែមថា ដោយសារតែរដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំសង្ក្រាន្តនៅតាមវត្ត និងបណ្ដាវិទ្យាល័យស្ទើរតែគ្រប់ទីកន្លែង ហើយស្ថិតិនៅតាមទីអារ៉ាម រួមទាំងវិទ្យាល័យនានា យើងពុំបានរាប់បញ្ចូលនោះទេ បើសិនជាយកស្ថិតិទាំងអស់នោះមកបញ្ចូល គឺមានការកើនឡើងច្រើន នេះយើងលើកយកតែទីតាំងគោលដៅ៣សំខាន់ៗតែប៉ុណ្ណោះ ។

លោកបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២០ខាងមុខនេះ សង្ក្រាន្តអាចនឹងបង្កើន ព្រោះការរៀបចំ និងកែលម្អឲ្យស្អាតជាង ឆ្នាំ២០១៩ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យកាន់តែច្រើន ព្រោះឆ្នាំ២០១៩នេះ អាជ្ញាធររៀបចំគ្រប់វិទ្យាល័យ និងគ្រប់ទីអារ៉ាមទាំងអស់ក៏មានការរៀបចំផងដែរ ៕ វណ្ណា


ចែករំលែក៖