ខេត្តសៀមរាប៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានភ្លើងឆេះអស់ទាំងស្រុង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង១និង១៥នាទី ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា ករណីនេះបណ្តាលឲ្យឆេះផ្ទះអស់២ខ្នង ដែលម្ចាស់ផ្ទះទី១-ឈ្មោះ រ៉េត ណុយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជុសជុលម៉ូតូ មានប្រពន្ធឈ្មោះ ណុក ណៃ អាយុ៣០ឆ្នាំ មានទហំផ្ទះ៤ម៉ែត្រគុណ១១ម៉ែត្រ ជញ្ជាំង ស័ង្កសី ប្រក់ស័ង្កសី កម្ពស់៤ម៉ែត្រគ្រោងដែក។ ផ្ទះទី២-ឈ្មោះឆោម វណ្ឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ អ្នកផ្ញើម៉ូតូនៅផ្សារលើ មានប្រពន្ធឈ្មោះ ឡាន ស្រីឡុង អាយុ២៧ឆ្នាំ មុខរបរធ្វើក្រចក អ្នកទាំង២គ្រួសារជាអ្នករស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។
លោកបានបន្តទៀតថា ករណីនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង ឌុយទូទឹកកក) ដែលធ្វើឲ្យរងការខូចខាតផ្ទះទាំងស្រុង និងសម្ភារប្រើប្រាស់ផ្សេងទៀត ។
សមត្ថកិច្ចនគរបាលបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញជួយអន្តរាគមន៍ រថយន្តចំនួន២គ្រឿង និងប្រើប្រាស់ទឹកអស់២ឡាន ព្រមទាំងរថយន្តកងរាជអាវុធហត្ថ២គ្រឿង និងប្រើប្រាស់ទឹកអស់២ឡាន រលត់ជាស្ថាពរមិនបង្កឲ្យរីករាលដាលឡើយ ៕ ប៊ុនរិទ្ធី