ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់ និង១២នាក់ រងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅខេត្តស្វាយរៀង ។
បើតាមមន្ត្រីនគរបាលការិយាល័យគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការនគរបាលខេត្តស្វាយរៀងឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅទូទាំងខេត្ត គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៧លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន៤នាក់ និងរបួសធ្ងន់ ស្រាល១២នាក់ ដោយចំនួននេះ មានការថយចុះបើធៀបនឹងឆ្នាំ២០១៨ ។
ប្រភពបន្តថា ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺដោយសារអ្នកបើកបរស្រវឹងចំនួន២ ករណី បើកបរមានល្បឿនលឿនមានចំនួន ២ករណី មិនគោរពសិទ្ធិអាទិភាព ១ករណី បត់ឆ្វេង១ករណី បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់១ករណី និងអ្នកបើកបរម៉ូតូចំនួន១០នាក់ មិនពាក់មួកសុវត្ថិភាព។
ក្នុងនោះខូចខាតយានយន្តចំនួន១២គ្រឿង មានរថយន្តធុនតូច ខូចស្រាល ១គ្រឿង ម៉ូតូខូច សរុបចំនួន១០ គ្រឿង ខូចធ្ងន់ចំនួន៤គ្រឿង និងកង់ ខូចធ្ងន់ចំនួន១គ្រឿងផងដែរ ៕ យឹម សុថាន