ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុម កាប់យុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដាវ ធ្វើសកម្មភាពកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម ហើយជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍កាប់មនុស្សដូចកាប់ផ្លែឪឡឹកនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៩៣ កែងផ្លូវលេខ៧២ (ជិតរង្វង់មូលកួចកាណុង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យុវជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ អាយុប្រហែល២០ឆ្នាំជាង បើកម៉ូតូម៉ាកហុងដាស្កុបពី (Honda Scoopy) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CN-6870។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនរងគ្រោះបណ្ដើរម៉ូតូមកដល់នៅកន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង (មិនចាំម៉ាក) ប្រដាប់ដោយដាវ បានធ្វើសកម្មភាព កាប់ទៅលើយុវជនរងគ្រោះ (ដោយមិនដឹងមូលហេតុ) បណ្ដាលឲ្យរងរបួសធ្ងន់ ចំក្បាល និងដៃ ជាច្រើនកាំបិត ដេកស្តូកស្ទឹងក្នុងថ្លុកឈាម។

ប្រភពបន្តថា ពេលដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាព មិនមានអ្នកណាហ៊ានស្រែកទេ តែបែរជាមានបុរសម្នាក់ កំពុងដើរកាន់ប៉ាវរើសអេតចាយបានឃើញ ក៏រត់ទៅជិតហើយស្រែកឆោឡោឡើងថា “ពួកហែង កាប់គេធ្វើអីហា ចាំមើលប៉ូលិសចាប់ហើយ” លឺដូច្នេះ ទើបធ្វើឲ្យក្រុមជនសង្ស័យស្លន់ស្លោ នាំគ្នារត់ឡើងម៉ូតូជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលអស់ បន្សល់ទុកជនរងគ្រោះដេកស្ដូកស្ដឹងក្នុងថ្លុកឈាមក្បែរម៉ូតូ ហើយប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលស្រះចក និងហៅរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត ចេញមកដឹកជនរងគ្រោះយកទៅសង្គ្រោះដែរ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្រះចក បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការប៉ុស្ដិ៍នគរបាលស្រះចក ដើម្បីរង់ចាំសាច់ញាតិយកឯកសារមកប្រគល់ជូនវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖