ភ្នំពេញ ៖ រថយន្តកាមរីស៊េរីថ្មីមួយគ្រឿង បានបើកបុកម៉ូតូម៉ាក FUTURE ចំពីក្រោយបណ្តាលឲ្យរងការខូចខាត និងធ្វើឲ្យបុរសនារី៣នាក់ រងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខសងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខនឹងរដ្ឋសភា តាមបណ្ដោយផ្លូវរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះ គឺមានបុរសនិងនារី៣នាក់ ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក FUTURE ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HE-3799 បានបើកឆ្លងផ្លូវរដ្ឋសភា ទិសដៅពីត្បូងទៅជើង ខណះពេលនោះក៏មានរថយន្តមួយម៉ាក កាមរី ស៊េរីថ្មី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2T-9908 បានបើកស្របទិសគ្នាជាមួយនិងម៉ូតូខាងលើ ហើយបានបុកម៉ូតូពីក្រោយបណ្ដាលឲ្យដួលរងរបួសស្រាលទាំង៣នាក់ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងក្រោយ រីឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងខ្លាំង ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ភាគីទាំង២ត្រូវបានសមត្ថកិច្ចចុះមកធ្វើការសម្របសម្រួលគ្នាមួយជំហាន ដោយភាគីខាងរថយន្តបង្ក ព្រមចេញថ្លៃខូចខាត និងរបួសខ្លួនប្រាណទៅលើភាគីខាងម៉ូតូចំនួន១២៥$ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងតែម្ដង ៕ ភារ៉ា ដង្កោ