ភ្នំពេញ ៖ យុវជនប្រុសស្រីមួយក្រុម បើករថយន្តស៊េរីទំនើបមួយគ្រឿង ឡើងខឿនចិញ្ចើមផ្លូវ ជ្រុលទៅបុកបារ៉ាសដែកដាក់ហាមឃាត់ រួចបុករបងព្រះបរមរាជវាំង រងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោងជាង១១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅតាមផ្លូវលេខ២៤០ កែងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក LEXUS GS 300 ពាក់ស្លាកលេខ ភ្នំពេញ 2Z-1679 ។
ក្រោយកើតហេតុ គេឃើញប៉ូលិសយាមព្រះបរមរាជវាំង និងមានប៉ូលិសប៉ុស្តិ៍ជ័យជំនះ ចុះមកដល់ ហើយក៏ឃើញយុវជន ដែលជាអ្នកបើកបររថយន្តបង្ក ចេញពីរថយន្ត រួចដើរទៅនិយាយជាមួយប៉ូលិសនោះ ក្រោយមកមិនដឹងថា ការដោះស្រាយសម្រួលគ្នាយ៉ាងម៉េចទេ ទើបយុវជនដែលជាអ្នកបើករថយន្ត ដើរមកកាន់រថយន្តវិញ ហើយសុំយករថយន្តចេញទៅ ដោយប្រាប់ថា រូបគេបានសម្រួលជាមួយសមត្ថកិច្ចរួចហើយ ក៏ឡើងបើករថយន្តថយក្រោយ រួចបើករថយន្តទាំងខ្ទេចកាងខាងមុខ ចេញពីកន្លែងកើតហេតុបាត់ទៅ។
ចំពោះករណីនេះ មហាជនហួសចិត្ត និងសមត្ថកិច្ចមូលដ្ឋានយ៉ាងខ្លាំង ទោះជាការខូចខាតបន្តិចបន្តួច និងមិនបង្កឲ្យនរណាម្នាក់រងគ្រោះថ្នាក់ក៏ដោយ មិនគួរណាមកសម្រួលគ្នាក្រៅច្បាប់ ហើយអនុញាតឲ្យយករថយន្ត ចេញទៅ ដោយមិនមានការអប់រំណែនាំ អ្វីបន្តិចសោះឡើយ នេះជារបងព្រះបរមរាជវាំង របស់ព្រះករុណា ព្រះមហាក្សត្រ នៃប្រទេសទាំងមូល ចង់បើកបុកតាមអំពើចិត្ត ហើយសម្រួលគ្នាបែបនេះ ដូចជាងាយពេកហើយ ៕ ជ្រោយពេជ្រ