ខេត្តបន្ទាយមានជ័យ៖ សពនាយករង សាលាបឋមសិក្សា ១នាក់ ត្រូវបានអ្នកភូមិប្រទះឃើញចងក សម្លាប់ខ្លួនមិនដឹងមូលហេតុ នឹងដើមស្នាយកម្ពស់២,៥០ម៉ែត្រខណៈ ដែលអ្នកភូមិទៅឃ្វាលគោនៅវាលស្រែ ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៤ និង៥០នាទី រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចខាងលិចសាលាបឋមសិក្សារំពាក់ ចម្ងាយ១៥០ម៉ែត្រ ភូមិរំពាក់ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
សព ដែលអ្នកភូមិស្គាល់ ឈ្មោះ កាន់ ភីឡា ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានតួនាទីជានាយករង នៃសាលាបឋមសិក្សារំពាក់ ។
បើយោងតាមការអះអាងរបស់លោកមេភូមិរំពាក់បានឲ្យដឹងថា នៅនៅយប់មុនកើតហេតុថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ឈ្មោះកាន់ ភីឡា បានធ្វើបុណ្យឆ្លងចេតីយ៍ឪពុកក្មេក ដោយអ្នកភូមិឃើញគាត់បានបម្រើភ្ញៀវជាធម្មតា ហើយមានការហូបស្រាបន្តិចបន្តួច និងបានរាំលេងសប្បាយជាមួយបងប្អូនអ្នកភូមិ ។ កន្លងមក ឈ្មោះ ភីឡា នេះគឺតែងតែផឹកស្រាស្រវឹងជាប្រចាំផងដែរ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុក ព្រះនេត្រព្រះ បានបញ្ជាក់ឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាលឃុំ ចុះទៅពិនិត្យសាកសព ដោយសហការជាមួយអាជ្ញាធរភូមិ ឃុំ រួមទាំងសាច់ញាតិ និង គ្រូពេទ្យមណ្ឌលសុខភាពឃុំ ឃើញថា៖នៅលើខ្លួនសពឈ្មោះកាន់ ភីឡា គឺពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធ និងករណីអំពើឃាតកម្មនោះឡើយ គាត់ពិតជាធ្វើអត្តឃាត់ចង.ក សម្លាប់ខ្លួន ។
បុរសរូបនេះ បានយកខ្សែលួសប្រវែង១ម៉ែត្រ ទំហំ២លី ចង.ក នឹងមែកដើមស្នាយ តែមូលហេតុបណ្តាលឲ្យធ្វើអត្តឃាតសម្លាប់ខ្លួន នៅមិនទាន់ដឹងនៅឡើយ ។ ក្រោយពីធ្វើកោសល្យវិច័យរួច សពត្រូវបានប្រគល់ឲ្យប្រពន្ធ និងសាច់ញាតិចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ៕សំ វិច្ឆិកា