ក្រុមជនជាតិប៉ាឡេស្ទីន បាននាំគ្នាធ្វើបាតុកម្មនៅតំបន់ព្រំដែក កាហ្សា-អ៊ីស្រាអែល ដោយធ្វើឡើងជារៀងរាល់ថ្ងៃសុខ ចុងសប្តាហ៍ ទាមទារឲ្យអ៊ីស្រាអែលដោះលែង អ្នកទោសប៉ាឡេស្ទីន។ រាល់ពេលមានបាតុកម្មគឺតែងតែមានអំពើហឹង្សាកើតឡើង ។
នៅក្នុងបាតុកម្មនៅថ្ងៃទី១៩ ខែមេសា កន្លងមក មន្ត្រីសុខាភិបាលកាហ្សា បានប្រកាសឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤៨នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នា រវាងពលរដ្ឋនៅកាហ្សា និងកម្លាំងទាហានអ៊ីស្រាអែល ។
ក្នុងចំណោមអ្នករងរបួស មានបុគ្គលិកសុខាភិបាល៥នាក់ និង អ្នកសារព័ត៌មានក្នុងស្រុក៤នាក់ផងដែរ ។ ក្រៅពីនេះ គឺពលរដ្ឋដែលចូលរួមបាតុកម្មប្រឆាំងអ៊ីស្រាអែល ត្រូវរងរបួសដោយសារតែ ប៉ះផ្សេងឧស្ម័នបង្ហូរទឹកភ្នែក។
ការប៉ះទង្គិចគ្នាកើតឡើងនៅរសៀលថ្ងៃទី១៩ ខែមេសា ពេលពលរដ្ឋចូលរួមធ្វើបាតុកម្ម នៅកាសហ្សា ដែលបានធ្វើឡើងជារៀងរាល់ថ្ងៃសុក្រចុងសប្តាហ៍ តាំងពីខែមីនា ឆ្នាំ២០១៨មកទល់ពេលនេះ។ ពលរដ្ឋកាហ្សាបានធ្វើបាតុកម្មទាមទារឲ្យ អ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលអ៊ីស្រាអែលបានចាប់ខ្លួននាពេលកន្លងមក ។
ហេតុការប៉ះទង្គិចគ្នាកើតឡើងក្រោយពេលដែល ពលរដ្ឋចូលរួមធ្វើបាតុកម្មគប់ដុំថ្មទៅលើកម្លាំងទាហានការពារព្រំដែនអ៊ីស្រាអែល បង្ខំឲ្យកម្លាំងទាហានអ៊ីស្រាអែល បាញ់ ឧស្ម័នបង្ហូរទឹកភ្នែក បំបែកហ្វូងបាតុករ ។
នៅមុនហេតុការនេះមួយថ្ងៃ ភាគីអ៊ីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតំាងរបស់ក្រុមហាម៉ាស នៅកាហ្សា ។ការវាយប្រហារកើតឡើង ក្រោយពេលទាហានការពារព្រំដែនអ៊ីស្រាអែល រងការបាញ់ប្រហារដោយកាំភ្លើងពីកាហ្សា ។ ការវាយប្រហាររបស់អ៊ីស្រាអែលធ្វើឲ្យទីតំាងរបស់ក្រុមហាម៉ាសរងការខូចខាតយ៉ាងខ្លាំង ៕