ព័ត៌មានទាន់ហេតុការណ៍៖

កុំចេះតែហ៊ាន!! ស្ទាក់ប្លន់យកម៉ូតូមួយគ្រឿង មិនបានសម្រេច ក៏ទៅប្លន់មួយគ្រឿងទៀត ត្រូវជាប់ខ្នោះភ្លាម

ចែករំលែក៖

ភ្នំពេញ៖ មានជនសង្ស័យម្នាក់បានធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូហុងដាឌ្រីម សង់មួយគ្រឿង ពីប្ដីប្រពន្ធមួយគូ តែមិនបានសម្រេច ហើយក៏រត់ចេញពីកន្លែងកើតហេតុទៅប្លន់យកម៉ូតូមួយគ្រឿងទៀត ពីស្ត្រីម្នាក់មិនបានសម្រេចទៀត ស្រាប់តែត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០១៩ នៅចំណុចភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

លោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុំ ប្រុស អាយុ៣៦ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់ផ្លូវ៥៤ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ។ ចំណែកជនរងគ្រោទី១ឈ្មោះ សុខ សុខុន អាយុ៥៧ ឆ្នាំមុខរបរ យោធា ស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ (ជិះម៉ូតូ ហុងដាឌ្រីម ០១៦ ឌុបប្រពន្ធឈ្មោះជាស្រីណា អាយុ៥៣ មុខរបរលក់ដូរ ) ។ និងជនរង គ្រោះទី២ ឈ្មោះយិម វណ្ណាអាយុ៤០មេផ្ទះស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

លោកអធិការបានបន្ដទៀតថា មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូឌុបពីផ្សារកណ្ដាល ទៅផ្លូវបេតុងព្រៃស ក្នុងគោលបំណងទៅលេងផ្ទះមិត្ដភក្រ័ឱ្យជួយរកការងារឲ្យធ្វើ បន្ទាប់មកជនសង្ស័យបានដើរមកដល់លើផ្លូវក៏បានយកស្បែកជើងគប់ទៅលើប្ដីប្រពន្ធ២នាក់ដែលកំពុងជិះម៉ូតូតាមដងផ្លូវបណ្ដាលឲ្យខៀវភ្នែកប្រពន្ធហើយប្ដីក៏ឈប់ម៉ូតូសួរនាំជនសង្ស័យ ប៉ុន្ដែជនសង្ស័យបានរត់គេពីកន្លែងជនរងគ្រោះបានប្រហែល២០០ម៉ែត្រក៏បានស្ទាក់ទាញម៉ូតូម៉ាកហុងដាឌ្រីម០១៧ ពីស្ដ្រីម្នាក់ទៀតបណ្ដាលឲ្យដួល ហើយ ជនរងគ្រោះភ័យពេករត់ចោលម៉ូតូទៅជួបជនរងគ្រោះទី១ ក៏នាំគ្នាស្រែកឆោឡោ ស្របពេលដែលសមត្ថកិច្ចចុះទៅដល់ក៏ឃាត់ខ្លួនយកទៅកាន់ប៉ុស្ដិ៍ភ្លាមៗតែម្ដង ។

បច្ចុប្បន្ននេះ ជនសង្ស័យកំពុងធ្វើការសាកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្ដតាមនីតិវិធីបន្ដទៀត ៕ ភារ៉ា ដង្កោ


ចែករំលែក៖