ខេត្តមណ្ឌលគិរី៖ ក្រុមឈ្មួញជនជាតិវៀតណាម២នាក់ និងខ្មែរម្នាក់ថ្លើមធំ ហ៊ានឈរចាំប្រម៉ូលទិញឈើ ដោយខុសច្បាប់នៅស្រុកកោះញែក ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួន ។
តាមប្រភពបានឲ្យដឹងថា ដោយសារតែអាជ្ញាធរ និងសមត្ថកិច្ចបណ្តែតបណ្តោយឲ្យជនជាតិវៀតណាម ចូលមកកម្ពុជាឈរទិញឈើរាប់រយដើមបែបនេះ ហើយទើបនឹងបែកការ ក៏ឈានដល់មានការចាប់ខ្លួនក្រុមឈ្មួញនេះតែម្តង ។
ការឃាត់ខ្លួនជនជាតិវៀតណាមនេះ សមត្ថបានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាស្ត្រភូមិក្តោយ ឃុំរយ៉ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១.ឈ្មោះ គឹម តុងហេង ភេទប្រុស អាយុ៣៥ ឆ្នាំ ។ ទី២.ឈ្មោះ វៀង ង៉ុកចូវ ភេទប្រុស អាយុ៦០ ឆ្នាំ និងទី៣ ឈ្មោះ ថាត់ យូ ភេទប្រុស អាយុ៤២ឆ្នាំ ។
ប្រភពបន្តថា ឈ្មួញវៀតណាមនេះ ជាអ្នកឈរទិញឈើ ដែលពលរដ្ឋកាប់ចេញពីតំបន់ព្រៃកាពារនានា ក្នុងស្រុកកោះញែក ហើយទុកលក់ឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ដែលនៅក្បែរនោះ ។
ជនសង្ស័យទាំងបីនាក់នោះកំពុងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីសាកសួរ ។
ឈើចំនួនជាង៦រយកំណាត់ត្រូវរឹបអូសមករក្សាទុកស្ថិតក្នុងដៃមន្ត្រីបរិស្ថានរង់ចាំដឹកជញ្ជូន៕ ជីវន្ត័