ខេត្តកណ្ដាល៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ខណៈកំពុងបើកបរម៉ូតូមានរថយន្តមួយគ្រឿងបើកឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូជនរងគ្រោះឈប់មិនទាន់បានបុកពេញរថយន្តមួយទំហឹង កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបំបែកជាបួនផ្សារថ្នល់ទទឹង លើកំណាត់ផ្លូវជាតិលេខ០៤ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិលស្រុក អង្គស្នួល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ប៊ូ ខឿន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ គោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ មុខរបរជាងភ្លើង បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ C ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1K 2582 ។ ចំណែរថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើករត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្សាថ្នល់ទទឹងបរថយន្តខាងលើ បានបត់ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះក៏មានម៉ូតូមួយគ្រឿងបើកដោយលកបឿនលឿន ក្នុងទិសដៅពីលិចទៅកើត បានបុករថយន្តខាងលើពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានចុះមកកន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង យកម៉ូតូជនរងគ្រោះមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងស្រាវជ្រាវរករថយន្តខាងលើ ចាត់ការតាមច្បាប់ ៕ ស្អាងជ័យ