ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកហ្គាស ទំនងអ្នកបើកបរងងុយដេក បុកខឿនទ្រូងពុះចែកផ្លូវរូបគោ៤ ទាំងប្រលឹម

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តដឹកហ្គាសមួយគ្រឿងបានរងការខូចខាតផ្នែកខាងមុខទាំងស្រុង តែមិនរងគ្រោះថ្នាក់ដល់មនុស្ស ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ ដោយទំនងអ្នកបើកបរ ងងុយដេក ស្រាប់តែរេចង្កូតបុករះខឿនថ្មពុះចែកទ្រូងផ្លូវ រូបគោ៤ ផ្លូវចូលក្រុងស្វាយរៀងបាក់ខ្ទេច បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ រស់នៅតាមដងផ្លូវជាតិលេខ១ទាំងព្រលឹម ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១២នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចខឿនថ្មរង្វង់មូលរូបគោ៤ ស្ថិតក្នុងភូមិ រូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមប្រភពសាក្សីនៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនវេលាកើតហេតុខាងលើមានរថយន្តដឹកហ្គាសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣B ៨៧៥៨ បើកបរដោយបុរសម្នាក់អត់ស្គាល់ អត្តសញ្ញាណដោយធ្វើដំណើរពីទិសខាងលិចទៅកើត លើកំណាត់ផ្លូវជាតិលេខ១ លុះដល់ចំណុចកើតហេតុខាងទំនងអ្នកបើកងងុយដេក ស្រាប់តែរេចង្កូតបុករះខឿនថ្មពុះចែកទ្រូងផ្លូវរង្វង់មូលរូបគោ៤បាក់ដែកបង្កាន់ដៃស្លាកចំណាំងផ្លាត ភ្លើងសញ្ញាចរាចរណ៍ខ្ទេច រាបដល់ដីតែគ្មានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ ។

ប្រភពបានបន្តទៀតថា ក្រោយមកអ្នកបើកបង្កហេតុក៏បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

បន្ទាប់ពីកើតហេតុប្រមាណជាកន្លះម៉ោង សមត្ថកិច្ចមូលដ្ឋានក៏បានមកដល់ និងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីរង់ចាំម្ចាស់មកចូលខ្លួនធ្វើការដោះស្រាយតាមក្រោយ ៕ យឹម សុថាន


ចែករំលែក៖