ភ្នំពេញ៖ វេលាម៉ោង៨:០០នាទី ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញបើកកិច្ចប្រជុំទ្វេភាគីជាមួយ គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាង ទីងឈី ( CHANG DING QIU) នាយរងសេនាធិការចម្រុះនៃអគ្គសេនាធិការនៃគណៈកម្មាការយោធាមជ្ឈឹម ក្នុងគោលបំណងត្រួតពិនិត្យកិច្ចការងារនៃកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក ដើម្បីបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានកាន់តែប្រសើរ។
នៅក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ជានាយកទីចាត់ការចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងឯកឧត្ដម តំណាងស្ថាប័នមួយចំនួនចំណុះក្រសួងការពារជាតិ៕