ព័ត៌មានទាន់ហេតុការណ៍៖

លោក តាញ់ បុត្តា​ មេពេទ្យសត្វ​ ខេត្តឧត្ដរមានជ័យ​ ឃុបឃិតជាមួយជំនាញសុរិយោដី​ ធ្វើប័ណ្ណកម្មសិទ្ធិ យកដីពលរដ្ឋក្រីក្រ៣គ្រួសារ​

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋចំនួនបីគ្រួសារ រស់នៅភូមិរំចេក ឃុំអន្លង់វែង​ ស្រុកអន្លង់វែង​ ខេត្តឧត្ដរមានជ័យ​មកថា លោក តាញ់ បុត្តា ​ ប្រធាន​ការិយាល័យ​ ផលិតកម្ម​ និង បសុព្យាបាល​ នៃមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យបានឃុបឃិតជាមួយនឹងជំនាញសុរិយោដី លួចបំពេញឯកសារធ្វើប័ណ្ណកម្មសិទ្ធិ យកស្រែចំការរបស់ពួកគាត់ ចំនួន៩ហិកតាស្ថិតនៅភូមិរំចេក ឃុំ-ស្រុកអន្លង់វែង ។

ប្រជាពលរដ្ឋបីគ្រួសារ ដែលត្រូវបានអ្នកមានអំណាច នៅខេត្តឧត្ដរមានជ័យរំលោភយក ទី១៖ យ៉ែម​ ហ៊ុន​ ភេទប្រុស អាយុ​៦២ ឆ្នាំ ទី២៖រឿម ឆក ទី៣៖ គឿន យីហ៊ី ។ ប្រជាពលរដ្ឋខាងលើបានលើកឡើងថា ដីរបស់ពួកគាត់បានអាស្រ័យផលកាន់កាប់ និងចិញ្ចឹមជីវិតចាប់តាំងពី ឆ្នាំ២០០៤មកម្ល៉េះ ដែលលោកឡេវ សែត​ អតីត ប្រធានសហគមន៍ សាមគ្គីសង្គ្រោះព្រៃឈើ និងជាមេភូមិរំចេក បច្ចុបន្នជាអ្នកចែកឲ្យពួកគាត់ ដែលជាគ្រួសារក្រីក្រ មិនមានដីស្រែចំការ សម្រាប់ប្រកបរបរកសិកម្មចិញ្ចឹមជីវិត ។

ប្រភពបន្តថា នៅក្នុងអំឡុង ឆ្នាំ២០១៣ ដែលចុះវាស់វែងធ្វើបណ្ណ័កម្មសិទ្ធិដោយក្រុមយុវជនស្មគ្រ័ចិត្ត ពួកគាត់ក៏បានស្នើឲ្យមន្រ្ដីជំនាញវាស់វែង ចុះបញ្ជីផងដែរ តែគេមិនបានចុះបញ្ជីឲ្យ ។

ស្រាប់តែកន្លងទៅថ្មីៗនេះ បានលេចមុខវត្តមាន ឈ្មោះ តាញ់ បុត្តា ប្រធាន​ការិយាល័យ​ផលិតកម្ម និងបសុ​ព្យាបាល​ នៃមន្ទីរកសិម្មខេត្តឧត្ដរមានជ័យ បានទៅអះអាងថា ជាដីរបស់គេ ដែលមានបណ្ណ័កម្មសិទ្ធិស្របច្បាប់ទៀតផង ។

លោកតាញ់ បុត្តា​ បានឲ្យដឹងថា ដីរបស់លោក គឺខាងយុរិយោដី ជាអ្នករៀបចំ និងធ្វើបណ្ណ័កម្មសិទ្ធិឲ្យរូបលោក ដោយសំអាងដីនោះ គ្មានអ្នកណាកាន់កាប់ ៕ ប៉ែន​ នួន


ចែករំលែក៖