ភ្នំពេញ៖ ឥឡូវនេះកាន់តែល្បីរន្ទឺខ្លាំងហើយ រឿងរ៉ាវនៃក្រុមហ៊ុន 7NG Group Co,Ltd របស់ឧកញ៉ាស្រី ចន្ធូ ដោយសារតែក្រុមហ៊ុនលក់ដីតែគ្មានដីឲ្យអតិថិជន ដោយអតិថិជនខ្លះបង់រំលស់ដីរហូតដល់១០ឆ្នាំ ។ ប៉ុន្ដែទីបំផុត មិនដឹងជាដីនៅកន្លៀតណា ។
បន្ទាប់ពី ផ្សព្វផ្សាយព័ត៌មាននេះ ជាបន្តបន្ទាប់ ស្រាប់តែនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នេះ ពលរដ្ឋជាច្រើននាក់ អះអាងថា ក្រុមហ៊ុន 7NG Group Co,Ltd របស់ឧកញ៉ាស្រី ចន្ធូ ជាក្រុមហ៊ុនធ្វើនំអត់ម្សៅ យ៉ាងពិតប្រាកដ ។
លោក Chet July និយាយថា ខ្ញុំក៏ទិញដីរបស់ឧកញ៉ាស្រី ចន្ធូ ដែរ ហើយអោយលុយគ្រប់មិនបង់រំលោះ ហើយយឺតមួយថ្ងៃ ពិន័យលុយ ។ ពីរឆ្នាំហើយមិនឃើញដីនៅទីណាទេ តើនេះចូលទង្វើបទល្មើសអត់? ។
ដោយឡែក Yun Rany និយាយថា ខ្ញុំវិញបង់ផ្តាច់តាំងពីឆ្នាំ២០១៥ ម្លេះ ពេលទៅសួរចង្អុលមេឃរហូត មិនដឹងដីខ្ញុំនៅទីណាទេ”។
ជាមួយគ្នានេះ Chhorn Leakena រៀបរាប់ថា”បីឡូបង់បាន១ឆ្នាំកន្លះ ឃើញថាមិនសូវស្រួលបោះបង់ចោល។ទុកលុយទិញកាលីងឈូកហូបល្អជាងទិញខ្យល់ ។
នៅមានពលរដ្ឋជាច្រើននាក់ ដែលអះអាងថា បានចាញ់បោកក្រុមហ៊ុន 7NG Group Co,Ltd របស់ឧកញ៉ាស្រី ចន្ធូ ។
អតិថិជនទាំងអស់ សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចកុំព្រងើយប្រភពជុំវិញបញ្ហានេះ ដោយចាត់វិធានការផង កុំឲ្យក្រុមឈ្មួញទុច្ចរិត បន្តធ្វើព្យុះធ្វើភ្លៀង លើវិស័យដីធ្លីនេះ ។
ទោះបីយ៉ាងណា ពេលនេះ ក្រុមហ៊ុន 7NG របស់ឧកញ៉ាស្រី ចន្ធូ ពុំទាន់ប្រតិកម្មបែបណានៅឡើយទេ ៕ចេស្តា