ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់បែកក្បាល ខណៈដែលបុរសរូបនោះបើកបរម៉ូតូ ស៊េរី ០៨ ពណ៌ខ្មៅក្នុងសភាពស្រវឹងស្រាជោក បើកយ៉ាងល្បឿនលឿនរេង្កូតទៅបុករថយន្តកាមរី ស៊េរី ៩៣ ពណ៌សំបកឪឡឹក បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់នៅ និងកន្លែងតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២១:៣០ នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបើកបរក្នុងទិសដៅច្រាសទិសគ្នាឋពីជើងទៅត្បូង ។
សមត្ថកិច្ចប្រាប់ថា អ្នកបើកបរម៉ូតូឈ្មោះឡេង សារ៉ុន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុខាងលើ បើកបរម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០០៨ ពាក់ស្លាកលេខ បាត់ដំបង 1B-0284 រងរបួសធ្ងន់ ។ អ្នកបើកបររថយន្តឈ្មោះ សេង រ៉ាវុទ្ធ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ បើកបរ រថយន្ត ម៉ាក Camery ស៊េរី ឆ្នាំ1993 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ តាកែវ 2A-0027 គ្មានរបួស ។
មូលហេតុ បណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកលឿនហួសល្បឿន ដែលបានកំណត់ និងស្ថិតក្នុងស្ថានភាពស្រវឹង ទើបជ្រុល ទៅបុករថយន្តដែលកំពុងធ្វើដំណើរច្រាសទិសគ្នាពេញទំហឹង ។
បច្ចុប្បន្នអ្នករបួសត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីព្យាបាល រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងត្រង់រង់ចាំដោះស្រាយ ៕ ស សារ៉េត