ភ្នំពេញ៖ រថយន្តឃ្លប់មួយគ្រឿងដឹកមីកំប៉ុងពីខេត្តកោះកុង បំណងមកដាក់ឃ្លាំងនៅភ្នំពេញខណះកំពុងបើកសុខៗថែមទាំងចរាចរណ៍កស្ទះទៀតផងនោះក៏ឆេះផ្អើលដល់អ្នកធ្វើដំណើរជួយអន្តរាគមន៍កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ នៅមុខសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីតៃកុង បានឲ្យដឹងថា គាត់បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2310 ប្រភេទឃ្លប់ដឹកមីកំប៉ុងពេញរថយន្ត ដឹកចេញមកតាំងពីខេត្តកោះកុង យកមកដាក់នៅឃ្លាំងក្រុងភ្នំពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ខាងមុខសាលាសង្កាត់ចោមចៅ៣ ចរាចរណ៍កាន់តែកកស្ទះ យានយន្តច្រើនណែនតាន់តាប់លើដងផ្លូវ ស្រាប់តែម៉ាស៊ីនរថយន្តឡើងកម្តៅ ដល់កម្រិតមានបញ្ហា មិនទាន់ទាំងអែបរកកន្លែងឈប់ពន្លត់ម៉ាស៊ីនទាន់ផង ស្រាប់តែហុយផ្សែងខ្មួល ចេញពីបន្ទប់ម៉ាស៊ីន ធ្វើឲ្យគាត់ភ័យក៏លោតចុះពីរថយន្ត ត្រូវបានប្រជាពលរដ្ឋ សមត្ថកិច្ច ក្បែរនោះស្រាប់ ជួយដងទឹកជះ និង យកបំពង់ពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ភ្លាមៗ ។
ករណីនេះ ពុំបង្កគ្រោះថ្នាក់ដល់អ្នកណាឡើយ ខូចខាតតែរថយន្តប៉ុណ្ណោះ ត្រូវម្ចាស់អូសទៅជួសជុលដោយខ្លួនឯង ៕ សុខាសែនជ័យ