ព័ត៌មានទាន់ហេតុការណ៍៖

បុរសពិការរស់នៅខេត្តក្រចេះបាត់ប្រពន្ធសង្ស័យរត់តាមប្រុស

ចែករំលែក៖

ខេត្តក្រចេះ ៖ បុរសម្នាក់ដែលពិការ ដោយស្វិតជើងម្ខាងរស់នៅក្នុងឃុំវឌ្ឍនៈ ស្រុកសម្បូណ៌បានកាន់រូបថតជាច្រើនសន្លឹក សួរគេឯង ដើម្បីស្វែងរកប្រពន្ធក្រោយពីស្ត្រីជាប្រពន្ធបានបាត់ខ្លួនពីផ្ទះគ្មានដំណឹងអស់រយៈពេលជាង១សប្តាហ៍មកហើយ នោះ។

តាមប្រភពព័ត៌មានពីបុរសជាជនពិការដោយស្វិតជើងម្ខាងខាងលើនេះឈ្មោះ តាំង គឹមស្រ៊ាង ហៅញ៉េប អាយុ៥២ឆ្នាំ បានរៀបរាប់ប្រាប់ឱ្យដឹងថា ប្រពន្ធរបស់ គាត់ឈ្មោះ សួន សុភ័ណ្ឌ អាយុ៣៨ឆ្នាំបាន ចេញបាត់ពីផ្ទះតាំងពីថ្ងៃចូលឆ្នាំចុងក្រោយ (ថ្ងៃទី១៧ មេសា) មកម្លេ៉ះ ហើយរហូតមកទល់នឹងពេលនេះនៅមិន ទាន់មានដំណឹងនៅឡើយទេ ។

តាមប្រភពដដែលបានបន្តថា ការបាត់ខ្លួនរបស់ប្រពន្ធនេះគឺគាត់សង្ស័យថាជា អំពើផិតក្បត់ ដោយប្រពន្ធរបស់គាត់អាច នឹងរត់តាមមនុស្សប្រុសម្នាក់នៅក្នុងភូមិ ។

តាមប្រភពដដែលបានរៀបរាប់ថា គ្រួសាររបស់គាត់មានកូនចំនួន៦នាក់ (ក្នុងនោះស្រីចំនួន៣នាក់) កំពុងតែទន្ទឹងរង់ចាំមើលផ្លូវម្តាយពួកគេក្រោយបាត់ពីផ្ទះគ្មានដំណឹងអស់រយៈពេលជិត១០ថ្ងៃមកហើយនោះ ។

តាមប្រភពពីបុរសជាប្តីបាននិយាយថា ទោះបីជារូបគាត់ពិការដោយស្វិតជើងម្ខាង តែគាត់ខិតខំធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីយកកម្រៃមកចិញ្ចឹមប្រពន្ធកូន។គាត់ស្រឡាញ់ប្រពន្ធនិងកូន មិនដែលមានទំនាស់ទាស់ទែងគ្នាធ្ងន់ធ្ងរនោះទេ។ ដោយសារតែភាព ស្រឡាញ់ថ្នាក់ថ្នម ទើបប្រពន្ធរបស់គាត់នៅផ្ទះមិនធ្វើអ្វីធ្ងន់ធ្ងរក្រៅពីតុបតែងខ្លួន និង មើលថែកូនៗឡើយ ។

តាមប្រភពពីបុរសជាប្តីបានបន្តទៀតថា គាត់បានចេញពីផ្ទះទៅធ្វើកម្មករស៊ីឈ្នួលឲ្យក្រុមហ៊ុនមួយនៅខេត្តមណ្ឌលគិរីមួយ រយៈទើបមិនដឹងថាប្រពន្ធលួចមានទំនាក់ទំនងជាមួយប្រុសឈ្មោលក្នុងភូមិ។ តែរឿង នេះក៏មានអ្នកភូមិជាច្រើននាក់បានលួចប្រាប់គាត់ដែរតែគាត់ហាក់មិនជឿនោះទេ។ នៅមុនថ្ងៃចូលឆ្នាំ គាត់និងប្រពន្ធបានកើតមានទំនាស់តិចតួចនឹងគ្នានៅពេលដែល ស្ត្រីជាប្រពន្ធបដើរផឹកស៊ីក្នុងភូមិនៅមុនថ្ងៃចូលឆ្នាំដោយផឹកដេកតាមផ្លូវមិនចូលផ្ទះ។ ក្រោយមានទំនាស់គ្នាបានមួយថ្ងៃពួកគាត់ក៏ត្រូវរ៉ូវគ្នាវិញ។ តែក្រោយមកមួយថ្ងៃប្រពន្ធ របស់គាត់មានគម្រោងផែនការច្បាស់និងបានចាកចេញពីផ្ទះទៅបាត់ធ្វើឱ្យគាត់និងកូនៗដែលមិនដឹងរឿងអ្វីនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

តាមប្រភពពីបុរសជាប្តីបាននិយាយថា គាត់និងកូនៗបានសម្រេចចិត្តកាន់រូបថត របស់ប្រពន្ធជាច្រើនសន្លឹកឆ្លងទូកដមក ខេត្ត ដើម្បីសួរគេឯងស្វែងរកប្រពន្ធ។ គាត់ចង់ឲ្យប្រពន្ធរបស់គាត់វិលត្រឡប់មកផ្ទះ និងនិយាយគ្នាឲ្យបានច្បាស់លាស់មុននឹងធ្វើការលែងលះគ្នាឲ្យបានត្រឹមត្រូវ៕ នរិន្ទ្រ


ចែករំលែក៖