ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​យោធា​ សម្រេច​ឃុំ​ខ្លួន​មន្ដ្រីយោធាផ្កាយ១ និងប្រពន្ធ ដែលបោកលុយពលរដ្ឋរាប់ម៉ឺនដុល្លារ នៅខេត្តកំពង់ធំ រឿងរត់ការចូលបម្រើការងាររដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖ តុលាការ​យោធា​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​មន្រ្តីយោធាផ្កាយ១និងប្រពន្ធ ពាក់ព័ន្ធបោកលុយពលរដ្ឋរាប់ម៉ឺនដុល្លារ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ រឿងរត់ការចូលបម្រើការងាររដ្ឋ។

សូមបញ្ជាក់ថា លោក ឃួន សុវណ្ណ ជាមន្រ្តីយោធាផ្កាយ១ មានតួនាទីជានាយករងអធិការដ្ឋាន នៃអគ្គបញ្ជាការ និងប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស តាមចាប់ខ្លួន ហើយពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយប្ដឹងចោទប្រកាន់បោកប្រាស់លុយរាប់ម៉ឺនដុល្លារ ជាថ្លៃរត់ការឲ្យកូនចៅរបស់ពួកគេ អាចចូលបម្រើការងាររដ្ឋបានជាដូចជា ទាហាន ប៉ូលីស និងគ្រូបង្រៀនជាដើម។

របាយការណ៍ទទួលបានប្រជាពលរដ្ឋជាច្រើននាក់ ខ្លះចាញ់បោកចាប់ពី១,៥០០ដុល្លារ រហូតដល់ជាង៦,០០០ដុល្លារ ទៅលើបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះ ដើម្បីឲ្យពួកគេរត់ការនាំកូនចៅរបស់ខ្លួនឲ្យចូលធ្វើជានគរបាល ជាទាហាន ជាអាវុធហត្ថ និងគ្រូបង្រៀនជាដើម។ បើទោះបីទំហំទឹកប្រាក់មិនទាន់អាចបញ្ជាក់ពិតប្រាកដ ប៉ុន្ដែចន្លោះពី១០ ទៅ២០ម៉ឺនដុល្លារ ដែលពួកគេបានបោកប្រាស់ពីប្រជាពលរដ្ឋ។

យោងតាមប្រភពព័ត៌មានពីខេត្តកំពង់ធំ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋជាច្រើននាក់ ធ្លាក់ខ្លួនក្នុងអំពើឆបោកដោយសារពីរនាក់ប្ដីប្រពន្ធនេះ ក៏ព្រោះតែប្រជាពលរដ្ឋបានស្គាល់ពួកគេ ធ្លាប់បានចុះចែកអំណោយជូនប្រជាជននៅតំបន់ដាច់ស្រយាលជាច្រើនលើក រហូតធ្វើឲ្យពួកគាត់ជឿទុកចិត្ត ទើបមកពឹងពាក់យ៉ាងដូច្នេះ។

តាមព័ត៌មានប្រជាពលរដ្ឋដែលរងគ្រោះនោះ ខ្លះបានលក់គោក្របី និងដីស្រែចំការ ដើម្បីយកលុយទៅឲ្យពួកគេទាំងពីរនាក់ប្ដីប្រពន្ធ រត់ការចូលបម្រើការងាររដ្ឋ ប៉ុន្ដែនៅទីបំផុតម្នាក់ៗ មិនទទួលបានលទ្ធផលនោះឡើយ ៕ ចេស្តា


ចែករំលែក៖