ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ព្រឹក ថៃ្ងសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ យ៉ាងហោចណាស់ ប្រជាពល រដ្ឋ១២គ្រួសារ ដែលកំពុងតែរស់នៅក្នុងបុរីផ្ទះល្វែងរបស់ក្រុមហ៊ុនផ្ទះល្វែងបុរីប៊ូអៅ បាននាំគ្នាផ្ទុះការតវ៉ានៅក្នុង បុរីប៊ូអៅ ស្ថិត នៅផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹង មានជ័យ៣ ខណ្ឌមានជ័យ ប្រឆាំងម្ចាស់ ក្រុមហ៊ុនប៊ូអៅ ដែលចង់សង់របងបិទច្រកខាងក្រោយផ្ទះរបស់ពួកគាត់ ដែលក្រុមហ៊ុនបានធ្វើខុសកិច្ចសន្យា ជាមួយនិងអតិថិជន។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្ទះ របស់ពួកគាត់ដែលទិញពីក្រុមហ៊ុនក្នុង មួយល្វែងតម្លៃ១៨៥.០០០ដុល្លារ ដោយ ក្រុមហ៊ុនចេញប្លង់រឹងនិងប្រាប់ថាមានផ្លូវចេញចូលទាំងផ្លូវមុខនិងផ្លូវក្រោយធំទូលាយងាយស្រួលប្រសិនបើមានហានិភ័យណា មួយ ដូចជាគ្រោះអគ្គិភ័យកើតឡើង ងាយនឹងឲ្យរថយន្តពន្លត់អគ្គិភ័យចេញចូល ស្រួលដល់ចូលបាញ់ទឹកពន្លត់។
រហូតមកដល់រយៈពេលជាង១ឆ្នាំនេះ ពួកគាត់បានទិញផ្ទះមករស់នៅទីនេះ និងបានប្រគល់លុយកាក់ទៅឲ្យក្រុមហ៊ុនរួច រាល់ហើយ បែរជាខាងភាគីក្រុមហ៊ុនចង់ ក្រឡាស់សម្តីសាងសង់របងបិទផ្លូវច្រក ខាងក្រោយផ្ទះរបស់ពួកគាត់ទៅវិញ។ ពួកគាត់បានធ្វើការតវ៉ាប្រឆាំងក្រុមហ៊ុន ដោយមានអាជ្ញាធរមូលដ្ឋានចូលរួមដោះស្រាយ ត្រឹមតែឲ្យក្រុមហ៊ុនសង់បង្កាន់ដៃកម្ពស់ មួយម៉ែត្រ២តឹក និងទុកចន្លោះច្រកចេញឲ្យ ពួកគាត់ផង។
ចំណែកភាគីខាងក្រុមហ៊ុនពុំទាន់ សម្រេចជាផ្លូវការនោះទេ រង់ចាំពិភាក្សា ពិគ្រោះយោបល់គ្នាសិន៕ នរិន្ទ្រ