ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការសង្ក្រាន្តស្វាយរៀងឆ្នាំនេះ មានបងប្អូនចូលរួមប្រមាណ ៤៧២,៣៩០ នាក់ ឆ្នាំក្រោយ នឹងមានការកើនឡើងបន្ថែមទៀត

ចែករំលែក៖

ខេត្តស្វាយរៀង៖ អភិបាលខេត្តស្វាយរៀង ម៉ែន វិបល ថ្លែងថាខេត្តស្វាយរៀងទទួលបានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី មកលេងកម្សាន្ត ក្នុងព្រឹត្តិការសង្ក្រាន្តស្វាយរៀងចំនួនប្រមាណ ៤៧២,៣៩០ នាក់ ឆ្នាំក្រោយ នឹងមានការកើនឡើងបន្ថែមទៀត ។

ការថ្លែងបែបនេះបានធ្វើ ឡើងនាព្រឹកថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ខណៈដែលលោក ម៉ែន វិបុល បានអញ្ជើញជួបសំណេះសំណាល ថ្លែងអំណរគុណ​​​​ដល់កងកម្លាំងទាំងបី និងអង្គភាពព័ន្ធក្នុងការបំពេញភារកិច្ចនៅថ្ងៃសង្ក្រាន្តស្វាយរៀង ព្រមទាំងពិសាបាយសាមគ្គី នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រមាណ១០០០នាក់ ។

លោកក៏បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរ គុណដល់កងកម្លាំងទាំងអស់ ដែលខិតខំបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អ ក្នុងការរក្សានូវសន្តិសុខ សុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្តក្នុងថ្ងៃសង្ក្រាន្តស្វាយរៀង ក៏ដូចជានៅតាមមូលដ្ឋានក្នុងខេត្តទាំងមូលផងដែរ ។

ជាពិសេសបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជូនចំពោះកងកម្លាំងទាំងបីនាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបតែកន្លងផុតទៅនាពេលថ្មីៗនេះ ។

លោកបន្តថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចបានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពពេញផ្ទៃប្រទេស ភាពសប្បាយរីករាយមាននៅគ្រប់ទីកន្លែងជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងទើបតែកន្លងផុតទៅនាពេលថ្មីៗកន្លងទៅនេះ គ្រប់បណ្តាខេត្តក្រុងនានាក្នុងប្រទេសកម្ពុជាយើង សុទ្ធតែបានរៀបចំឡើងនៅព្រឹត្តិការណ៍សង្ក្រាន្តតាមបណ្តាខេត្តរបស់ខ្លួន ដើម្បីបង្ករភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ ដោយឡែកព្រឹត្តិការសង្ក្រាន្តស្វាយរៀងឆ្នាំ២០១៩នេះ ខេត្តស្វាយរៀងយើងទទួលបានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកលេងកម្សាន្តក្នុងព្រឹត្តិការសង្ក្រាន្តស្វាយរៀងចំនួនប្រមាណ៤៧២,៣៩០នាក់ផងដែរ ៕ យឹម សុថាន


ចែករំលែក៖