ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ចោទប្រកាន់​ ជនជាតិ​ចិន​៣នាក់​ នាំ​ប្រាក់​ជាង​៣លាន​ដុល្លារ​ចូល​កម្ពុជា​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​

ចែករំលែក៖

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៨​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ តុលាការ​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​លេី​ជនជាតិ​ចិន​៣នាក់​ ដែលនាំ​ប្រាក់​ជាង​៣.៥លាន​ដុល្លារ​អាមេរិក​ចូល​កម្ពុជា​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ ។

អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​លី​ សុផាណា​ ថ្លែង​តាម​បណ្ដាញ​សង្គម​ Telegram ថា​”ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ WANG SHI PING ឈ្មោះ WANG LI CHAO និងឈ្មោះ ZHANG JIAN រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទសម្អាតប្រាក់ តាមមាត្រា៣ថ្មី និងមាត្រា២៩ថ្មី នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម ហើយបញ្ជូនបុគ្គលនេះនិងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តចំណាត់ការតាមនីតិវិធី”។

របាយការណ៍​ពី​ប៉ូលិស​អន្តោប្រវេសន៍​ បាន​ឱ្យ​ដឹងថា​ ជនសង្ស័យ​ទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ, ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន លេខED4367915 មុខរបរ មិនពិតប្រាកដ និងទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែន ជាប់ខ្លួន មុខរបរមិនពិតប្រាកដ។

ជនសង្ស័យ​ទាំង​៣នាក់​ ត្រូវបាន កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ខណៈកំពុងនាំលុយចំនួន ៣,៥២០,០០០ ដុល្លារ ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា។

ក្រោយពីការត្រួតពិនិត្យឯកសាររួចជនជាតិចិនទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា​ ៕ ចេស្តា


ចែករំលែក៖