ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ អ្នកជួយប្អូនៗ ក្មួយៗ ឲ្យរួចផុតពីអន្ទាក់គ្រឿងញៀន គឺជាអ្នកមានគុណធំ សម្រាប់ប្អូនៗ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជា មួយមន្ត្រី ក្រោមឱវាទបានអញ្ជើញទៅសួរសុខទុក្ខ ផ្តល់ការលើកទឹកចិត្ដ ជាមួយប្អូនៗ ក្មួយៗ ដែលកំពុងស្នាក់នៅព្យាបាល, អប់រំ, ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលឱកាសខ្ញុំ ចំនួន១៤៣៣ នាក់ ក្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ពិធីនេះ បានប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ អ្នកជួយប្អូនៗក្មួយៗពីអន្ទាក់គ្រឿងញៀន គឺជាអ្នកមានគុណរបស់ប្អូនៗ ក្មួយៗ ព្រោះរាជរដ្ឋាភិបាល, អាជ្ញាធរចង់ជួយប្អូនៗ ក្មួយៗ ឲ្យក្លាយខ្លួនជាមនុស្សល្អ មនុស្សមានតម្លៃសម្រាប់សង្គម ។ ដូច្នេះប្អូនៗក្មួយៗត្រូវ ផ្តល់យុត្តិធម៌ដល់អ្នក ដែលបានជួយសង្គ្រោះប្អូនៗពីអន្លង់មរណៈដោយសារគ្រឿងញៀន ។

លោកបន្តថា៖ បើប្អូនៗមិនអាណិតនរណាក៏ហីទៅចុះ តែប្អូនៗត្រូវតែ អាណិតខ្លួនឯង អាណិតម៉ែឪដោយត្រូវប្តេជ្ញាចិត្តឈប់ប៉ះពាល់គ្រឿងញៀនតទៅទៀត ព្រោះគ្រឿងញៀនវាបំផ្លាញអ្វីៗ និងជីវិតរបស់យើងថែមទៀត ។ អាជ្ញាធរពិត ជាមិនចង់ឲ្យប្អូនៗពេលធ្វើសមាហរណ័កម្មទៅក្នុងសង្គមគ្រួសារវិញ ក៏វិលមកវិញជាមួយការញៀនថ្នាំញៀនជាថ្មីមកកាន់មជ្ឈមណ្ឌលនេះទេ ។ ត្រូវចាំថា៖ មានតែ ប្អូនៗ និងក្មួយៗខ្លួនឯងទេ ដែលជួយខ្លួនឯងដំបូងគេ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនហើយយើង ក៏មិនចង់ឃើញប្អូនៗក្មួយៗនៅទីនេះរហូតដែរ ។

ជាមួយគ្នានោះដែរលោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនឱកាសខ្ញុំ បានឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ ជនរងគ្រោះដោយសារគ្រឿងញៀន ដែលកំពុងស្នាក់នៅបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលមានចំនូន១៤៣៣នាក់, ស្រី៦៣នាក់ ។ ការជួយជនរងគ្រោះមាន៣ចំណុចសំខាន់គឺ៖ ប្រើថ្នាំពេទ្យ, ការអប់រំផ្លូវចិត្ត និងការធ្វើលំហាត់ប្រាណយ៉ាងទៀងទាត់ ដើម្បីបណ្តេញជាតិពុលពីក្នុងខ្លួន ។

លោកស្រីប្រធានឲ្យដឹងទៀតថា៖ ជនរងគ្រោះ ដែលប្រើប្រាស់គ្រឿងញៀនភាគច្រើនមានជំងឺច្រើនប្រភេទ ដែលធ្វើឲ្យក្នុងកំឡុងពេលផ្តាច់គ្រឿងញៀន លិចចេញមកនូវជំងឺមួយចំនួនដូចជា៖ រវើរវាយផ្លូវចិត្ត, ថប់ដង្ហើម, ស្ពឹកដៃជើង, រមួលក្រពើ រើម រលាកក្រពះ រលាកតម្រងនោម និងជំងឺឱកាសនិយមច្រើនប្រ ភេទទៀត ។ ទន្ទឹមនឹងការបន្សាបសារធាតុញៀន មជ្ឈមណ្ឌល ក៏បានយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្អូនៗក្មួយៗដូចជា កាត់សក់ , អ៊ុតសក់, រៀនកុំព្យូទរ័, រៀនភាសាអង់គ្លេស, រៀនជួសជុលគ្រឿងអេឡិចត្រូនិកជាដើមដើម្បីឲ្យប្អូនៗអាចប្រកបរបរចិញ្ចឹមជីវិតបានពេលវិលទៅលំនៅឋានវិញ ៕ សំរិត


ចែករំលែក៖