ព័ត៌មានទាន់ហេតុការណ៍៖

រលកកម្តៅគ្របដណ្តប់តំបន់អាស៊ី ប្រទេសខ្លះ មានសីតុណ្ហភាពដល់ទៅ៤៥អង្សាសេ

ចែករំលែក៖

តាំងពីពាក់កណ្តាល ខែមេសា មកទល់ពេលនេះ រលកកម្តៅបានវាយប្រហារប្រទេសជាច្រើន នៅតំបន់អាស៊ី ក៏ដូចជាតំបន់អាស៊ាន បណ្តាលឲ្យមានប្រទេសខ្លះមានកម្តៅក្តៅខ្លាំងបំផុត មិនធ្លាប់មាន ក្នុងរយៈពេល១០០ ឆ្នាំកន្លងមក ។

ប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងនោះមានថៃ ឡាវ កុម្ពុជា វៀតណាម …មានសីតណ្ហាភាព ជិត៤០អង្សាសេ ពេលខ្លះកើនឡើងជាង៤០អង្សាសេ ។ នៅក្នុងប្រទេសថៃ ក្នុងតំបន់ភាគកណ្តាល នៃប្រទេសថៃ រួមមាន ទីក្រងបាងកក និងបណ្តាខេត្តមួយចំនួនទៀត សីតុណ្ហភាព នៅក្នុងរដូវក្តៅនេះ នឹងឡើងកម្តៅ រហូតដល់៤៣អង្សាសេ នៅក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខ ។

កន្លងមក ប្រទេសវៀតណាម ពិសេសនៅទីក្រុងហាណូយ មានកម្តៅ ក្តៅខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល១០០ ឆ្នាំកន្លងមក បណ្តាលឲ្យពលរដ្ឋជាច្រើន ត្រូវបញ្ជូនទៅមន្ទីរពេទ្យព្យាបាល ។

ជាមួយគ្នានេះ ប្រទេសប៉ាគីស្ថាន និងឥណ្ឌា ក៏កំពុងប្រឈមនូវកម្តៅយ៉ាងខ្លាំង ។ រលកកម្តៅបានវាយប្រហារទៅលើតំបន់មួយចំនួន នៅក្នុងប្រទេសឥណ្ឌា ហើយសីតុណ្ហភាពបានឡើងដល់ ចន្លោះពី៤០-៤៥អង្សាសេ ។

មន្ត្រីឥណ្ឌា បានបញ្ជាក់ថា រលកកម្តៅ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ បានកើតឡើង នៅតាមរដ្ឋមួយចំនួន នាភាគខាងលិច នៃប្រទេសឥណ្ឌា ដូចជា នៅតំបន់គូចារ៉ាត (Gujarat) និងផ្នែកខ្លះទៀត ស្ថិតនៅក្នុងខេត្តមហារាស្ត្រា (Maharashtra) ជាដើម ។

នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានបញ្ជាក់ថា ស្ថានភាពសីតុណ្ហភាព នៅទូទាំងតំបន់គូចារ៉ាត់ មានសភាពបែបនេះ ទើបនាយកដ្ឋានសុខាភិបាល ក្នុងតំបន់ បានចេញសេចក្ដីប្រកាសព្រមានឲ្យប្រុងប្រយ័ត្ន នៅក្នុងកម្រិត ពណ៌ទឹកក្រូច ដែលជាចំណុចមួយ បានបង្ហាញថា ការរស់នៅរបស់ពលរដ្ឋ អាចប្រឈម និងស្ថានភាពអាក្រក់ជាមួយ និងស្ថានភាពអាកាសធាតុបែបនេះ ។

ប្រភពបន្តថា សីតុណ្ហភាពនៅតំបន់គូចារ៉ាត នាពេលបច្ចុប្បន្ន ស្ថិតនៅកម្រិត៤៤អង្សាសេ អំឡុងពេលថ្ងៃ ហើយនៅថ្ងៃបន្តបន្ទាប់ទៅមុខទៀត សីតុណ្ហភាព និងបន្តឡើង រហូតដល់៤៥អង្សាសេ ។ ការចេញសេចក្ដីព្រមានពីបញ្ហារលកកម្តៅនេះ បានកើតឡើងរយៈពេល២ថ្ងៃមកហើយ ។ ប្រជាពលរដ្ឋត្រូវបានស្នើឲ្យកាត់បន្ថយនូវការចេញដំណើរទៅខាងក្រៅ បើពុំមានករណីចាំបាច់ និងពិសាទឹកឲ្យបានច្រើន ។

មន្ត្រីរដ្ឋាភិបាល បានបញ្ជាក់ថា ស្ថានការណ៍រលកកម្តៅពេលនេះ បានកើតឡើង នៅតំបន់គូចារ៉ាត់ ដែលគ្របដណ្តប់ទីតាំងជាច្រើន ដូចជា Ahmedabad, Gandhinagar, Banaskantha, Sabarkantha, Surat ផងដែរ ។ នៅតំបន់ Saurashtra-Kutch គ្របដណ្តប់ទីតាំង Bhavnagar, Veraval, Porbandar, Rajkot, Amreli, Surendranagar, Kutch និង Diu ជាដើម ។

ទីក្រុង Surendranagar ក៏កំពុងតែមានសីតុណ្ហភាពកើនឡើងខ្ពស់ ហើយកាលពីថ្ងៃទី២៧ ខែមេសា សីតុណ្ហភាពបានឡើងដល់៤៥អង្សាសេ ។ រីឯទីក្រុង Amreli កម្តៅបានឡើង ៤៤, ៩អង្សាសេ និងទីក្រុង Rajkot សីតុណ្ហភាពបានឡើងដល់៤៤, ៧ អង្សាសេ ។

IMD បានបង្ហាញក្រាហ្វិករលកកម្តៅ និងស្ថានភាពរបស់វា ដែលកំពុងកើនឡើង កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា ស្ថិតនៅតាមតំបន់មួយចំនួន ដូចជា នៅ Vidharbha, Marathwada និង Madhya Maharashtra, Madhya Pradesh, Gujarat, Telangana, Odisha, Jharkhand ព្រមទាំង Chhattisgarh ជាដើម ។

ដោយឡែក នៅរដ្ឋភាគខាងកើត នៃប្រទេសឥណ្ឌា មានតំបន់ចំនួន១៤ ដូចជា Odisha ជាដើម គឺសីតុណ្ហភាពបានឡើងកម្ដៅ រហូតដល់ជាង៤០អង្សាសេ កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ។ ដោយឡែក នៅ Titlagarh គឺកន្លែង ដែលក្តៅខ្លាំងបំផុត មានសីតុណ្ហភាពឡើងរហូតដល់៤៥អង្សាសេ ។ ស្របពេលជាមួយគ្នានេះដែរ នៅទីក្រុងញូវដេលី កាលពីថ្ងៃទី២៨ ខែមេសា សីតុណ្ហភាពបានឡើងខ្ពស់បំផុត មិនធ្លាប់មាន គឺ៤២អង្សាសេ ។

កាលពី ឆ្នាំ២០១៥ មានពលរដ្ឋឥណ្ឌាដល់ទៅជិត ១២០០នាក់ស្លាប់ដោយក្តៅខ្លាំង ពិសេសនៅរដ្ឋ Andhra Pradesh មានអ្នកស្លាប់ដល់ទៅ៨៥២នាក់ ។ សីតណ្ហភាពនៅពេលនោះកើនឡើងដល់ទៅ ៤៧-៤៨ អង្សាសេ ៕


ចែករំលែក៖