ព័ត៌មានទាន់ហេតុការណ៍៖

រតនៈ ពិសី ទម្លាយរឿងស្ត្រី ដែលបោកសិល្បករធានាចេញទៅច្រៀងនៅបារាំង

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលបន្តទៀតសម្រាប់អ្នកក្នុងចង្កោមសិល្បៈ​ក្រោយពី តារាចម្រៀង សិចស៊ី រតនៈ ពិសី បានបង្ហាញមុខ និងទម្លាយរឿងរ៉ាវស្ត្រីម្នាក់បានប្រើល្បិចបោកបញ្ចោតសិល្បករមួយចំនួនរួមទាំងនាងឲ្យ បង់ប្រាក់មួយចំនួន ជាថ្នូរនឹងការរត់​ឯក​សារ​ចេញទៅច្រៀងនៅប្រទេសបារាំង ។ ការទម្លាយនេះធ្វើឡើងក្រោយពីស្ត្រីម្នាក់នោះបានគេចវេះមិនជួប និងប្រគល់ប្រាក់ ដែលបង់អស់១០០ដុល្លារអាមេរិក ។

ការចេញទៅច្រៀងរាំនៅក្រៅប្រទេស រួមទាំងប្រទេសបារាំង ត្រូវបានសិល្បករ​ចាត់ទុកថា ជាឱកាសចេញទៅរកប្រាក់ពីការច្រៀងរាំ និងឆ្លៀតពេលដំណើរកម្សាន្ត ។ ប៉ុន្តែថ្មីៗនេះ តារាសម្តែង និងចម្រៀង លោក អេន ឌី ទើប និងបញ្ចេញមុខ ស្ត្រីខ្មែររស់នៅប្រទេសបារាំងម្នាក់ ដែលអះអាងថា ជាអ្នករៀបចំឯកសារនាំសិល្បករចេញទៅច្រៀងរាំនៅប្រទេសបារាំង ដែលតាមការពិតគឺបានបោកបញ្ចោតសិល្បករយកប្រាក់ ដោយយកលេសបកប្រែឯកសារដើម្បីធ្វើលិខិតស្នាមនានា ។ តារាចម្រៀងរតនៈ ពិសី គឺជាសិល្បករបន្ទាប់ ដែលសុខចិត្តទម្លាយរឿងរ៉ាវនេះដើម្បីជាដំណឹងដល់សិល្បករឲ្យមានការប្រុងប្រយ័ត្ន ។

នាងបន្តថាក្រោយពីទទួលលុយបានហើយ គឺស្ត្រីរូបនោះបានផ្តាច់ការទំនាក់ទំនងទាំងតាមរយៈទូរស័ព្ទ និងហ្វេសប៊ុក ហើយចាប់ផ្តើមប្លុក ហ្វេសប៊ុកនាងចោល ដែលនាងចាត់ទុកថា ជាការគេចវេសពីការ​ទទួលខុសត្រូវ ។ នាងថាត្រឹមប្រាក់១០០ដុល្លារ ដែលនាងខាតបង់នោះមិនច្រើនទេ ប៉ុន្តែនាងចង់ឲ្យសិល្បករស្គាល់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នក ដែលអះអាងថាជាអ្នកធានាសិល្បករចេញទៅច្រៀងនៅបរទេស ។ នាងទទួលស្គាល់ថា ស្ត្រីម្នាក់នេះធ្លាប់រៀបចំឯកសារដើម្បធានាសិល្បករចេញទៅក្រៅ ស្រុកមែន ប៉ុន្តែប៉ុន្មាន ឆ្នាំចុងក្រោយនេះស្ត្រីនោះមិន ដែលធានាសិល្បកររូបណាបានទៅទេ គឺទើប និងបែកធ្លាយ ។

នាងថាមានសិល្បករខ្លះបង់ប្រាក់អស់រាប់ពាន់ដុល្លារក្រោយពីស្ត្រីនោះលួងលោម និងអះអាងថាអាចធានាពួកគេចេញទៅច្រៀងនៅប្រទេសបារាំង និងបន្តទៅប្រទេសកាណាដាផងដែរ ។ ទើបតែមានការជជែកគ្នាច្រើនពីបញ្ហានេះទើបដឹងថា សិល្បករជាច្រើនត្រូវបានស្ត្រីរូបនេះបោកបញ្ឆោត ហើយពេលនេះលឺដំណឹងពីប្រទេសបារាំងមកវិញថា ស្ត្រីរូបនេះមានសតិមិនគ្រប់គ្រាន់ហើយតែងតែដើរបោកប្រាស់គេ និងគ្មានមុខរបរច្បាស់លាស់ទេ ហើយ ក៏គ្មានធានាសិល្បករណាចេញច្រៀងរាំនៅទីនោះបានដូចមុនៗដែរ ។

តារាស្រីរូបនេះ ក៏បានផ្ញើសារផ្តាំផ្ញើដល់សិល្បករនានាមេត្តាប្រុងប្រយ័ត្នចំពោះសកម្មភាពបោកបញ្ឆោត និងត្រូវគិតឲ្យបានដិតដល់ជុំវិញការចេញច្រៀងនៅក្រៅប្រទេសជៀសវាងការខាតបង់៕ វឌ្ឍនា


ចែករំលែក៖