ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ឆ្លងទន្លេហើយបានស្លាប់ទាំងម្តាយ និងទារក នៅក្នុងផ្ទៃ ខណៈ ប្តី និងកូនស្រី បានចោទប្រកាន់ថា ពេទ្យមិនយកចិត្តទុកដាក់ជួយសង្គ្រោះ ដោយគ្មានវេជ្ជបណ្ឌិតប្រចាំការ ទុកជនរងគ្រោះឲ្យស្លាប់នៅក្រៅបន្ទប់សម្រាល កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ។
យោង តាមកូនស្រីឈ្មោះ ផាង លីឌីន អាយុ២០ ឆ្នាំ ដែលនៅជាប់ជាមួយម្តាយបានឲ្យដឹងថា ម្តាយនាងឈ្មោះ ផន សាវរី អាយុ៤០ ឆ្នាំ មានកូនស្រី៣នាក់ រូបនាង ជាកូនទី២ កូនស្រីម្នាក់ទៀតស្លាប់ក្នុងផ្ទៃជាមួយម្តាយ ជាកូនទី៤ រស់នៅ ភូមិត្រពាំងថ្នា ឃុំរាជ្យមន្ទីរ ស្រុ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
ប្រភពបន្តថា ម្តាយនាងគ្រប់ខែឆ្លងទន្លេ ឪពុកនាងបានដឹកមកដល់ មន្ទីរពេទ្យ ខេត្តស្វាយរៀង ផ្នែកសម្ភព នៅ ថ្ងៃទី២៥ មេសា ២០១៩ វេលាម៉ោង១១យប់ ពេលនោះ គ្រូពេទ្យវាស់ឈាម និងពិនិត្យចង្វាក់បេះដូងរួចបន្តោងសេរ៉ូម ។ រហូតដល់ ថ្ងៃទី២៦ មេសា វេលាម៉ោង៧ព្រឹក គ្រូពេទ្យ ឲ្យនាំម្តាយចុះទៅមើល អេកូ ពេលទៅដល់កន្លែង អេកូ គ្រូពេទ្យប្រចាំការស្តីបន្ទោស ដោយប្រើពាក្យមិនសមរម្យទៅលើអ្នកកំដរថា ថ្មើហ្នឹងមានអ្នកអេកូឯណាទាំងព្រឹក កូនស្រី ក៏គ្រាហ៍ម្តាយឡើងទៅជាន់ទី២វិញ ។
ប្រភពដដែលបន្តទៀតថា សូម្បីតែដែកសម្រាប់ព្យូសេរ៉ូម គ្រូពេទ្យបានប្រើកូនជនរងគ្រោះទៅរកយកដែកព្យូសេរ៉មខ្លួនឯងដែរ បន្តោងសេរ៉ូម ហើយទៅបាត់ រហូតដល់ម៉ោង៩ព្រឹក ទើបបានអេកូ ពោះ ។ នៅវេលាម៉ោង១រសៀល បុរសជាប្តី និងកូនបានសួរ គ្រូពេទ្យថា សភាពម្តាយនាងដូចជាមិនល្អទេ បើយ៉ាងណា សូមវះកាត់ទៅ គ្រូពេទ្យឆ្លើយថា មិនអីទេ ទុករហូតដល់ម៉ោង៤រសៀល ម្តាយនាងប្រាប់ថា គាត់ធ្វើទុក្ខក្នុងខ្លួនខ្លាំង ក្តៅក្នុងខ្លួនខ្សោះទឹក ប្រាប់ពេទ្យទៅ បើមិនកើតទេ ឲ្យពេទ្យវះកាត់ទៅ ។ នាង និងម្តាយធំ ឃើញស្ត្រីរងគ្រោះធ្វើទុក្ខខ្លាំង ត្រូវការជំនួយពីគ្រូពេទ្យបានរត់រកគ្រូពេទ្យឲ្យមកមើលជួយសង្គ្រោះ ក៏ ប៉ុន្តែគ្មានគ្រូពេទ្យប្រចាំការទេ រីឯគ្រូពេទ្យម្នាក់មកដល់ប្រាប់ថា មិនអីទេ ឲ្យម្តាយគាត់ អង្គុយលើកន្ថោខាងមុខបន្ទប់រង់ចាំ ប្រាប់ថា រង់ចាំគ្រូពេទ្យមកសិន ។
លុះដល់ម៉ោង៥ល្ងាច ថ្ងៃទី២៦ មេសា ម្តាយគាត់ស្រែកថ្ងូរថា ចុកខ្លាំង និងវិលមុខនាងខំរត់ទៅរកគ្រូពេទ្យគ្មានឃើញគ្រូពេទ្យប្រចាំការម្នាក់ទេ ម្តាយនាង ក៏ចុករហូតបែកពពុះមាត់ ស្លរឈាមខ្លួនឡើងខ្មៅ រកប្រកាច់ដួលនៅខាងមុខបន្ទប់ ទើបគ្រូពេទ្យមកសែងចូលក្នុងបន្ទប់ដើម្បីសង្គ្រោះ តែអ្វីៗ វាហួសពេលទៅហើយ ម្តាយនាងបានដាច់ខ្យល់ស្លាប់ និងស្លាប់ទាំងកូនក្នុងផ្ទៃតែម្តង ។ ពេទ្យមកដល់ហើយអង្អែលក្បាលថា កាត់ចិត្តទៅ គ្រូពេទ្យជួយអស់លទ្ធភាពហើយ តែមិនអាចជួយបាន(Sic) ។ តាមពិតគ្មានគ្រូពេទ្យប្រចាំការទេ ម្តាយនាងស្លាប់រួមនឹងកូនក្នុងផ្ទៃ ក៏ស្លាប់គឺដោយការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់របស់គ្រូពេទ្យ ។
បុរសជាប្តីឈ្មោះ ផាង សំអុល អាយុ៤៥ ឆ្នាំ បានចោទប្រកាន់ថា មកពីពេទ្យមិនយកចិត្តទុកដាក់ ហើយធ្វេសប្រហែសធ្វើឲ្យប្រពន្ធគាត់ស្លាប់ និងបានអំពាវនាវដល់រាជរដ្ឋាភិបាលមេត្តាជួយរកយុត្តិធម៌ឲ្យសពប្រពន្ធ និងកូនគាត់ផង ។
ពាក់ពន្ធ័ករណីខាងលើនេះ អ្នកសារព័ត៌មានយើងបានសុំសម្ភាសន៍លោក ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យបង្អែកខេត្ដ ប៉ុន្តែលោកសុំមិនឆ្លើយ ឲ្យសួរទៅលោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តវិញ ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តមានប្រសាសន៍ថា ស្ត្រីរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង មិនមែនស្លាប់ដោយសារពេទ្យធ្វេសប្រហែស ឬពេទ្យមិនយកចិត្តទុកដាក់នោះទេ ។
បើតាមការពិនិត្យតាមដានស្ថានភាពផ្ទៃពោះ និងតាមការមើលអេកូ គឺសភាពធម្មតា អាចសម្រាលតាមធម្មជាតិបាន ហើយបញ្ហាកស្បូនគឺមិនទាន់បើក គ្រូពេទ្យ ក៏បានដាក់ថ្នាំឲ្យបើកស្បូន គឺស្បូនបើកបាន០៣សង់ទីម៉ែត្រទើបទុកឲ្យកើតតាមធម្មជាតិ មិននឹកស្មានថាចៃដន្យស្ត្រីរងគ្រោះមានជំងឺគាំងបេះដូងកើតឡើងធ្វើឲ្យគ្រូពេទ្យមិនអាចជួយសង្គ្រោះបានដូច្នេះ ។
នៅក្នុង ឆ្នាំ២០១៨ មានការធ្វេសប្រហែសបណ្តាលឲ្យមានអ្នកជំងឺស្លាប់ម្នាក់ដែរ ដោយមហាជនសង្កេតឃើញថា បើមានអ្នកជំងឺឬអ្នកឆ្លងទន្លេចំវេនល្ងាច ថ្ងៃសុក្រ និង ថ្ងៃសៅរ៍ អាទិត្យ គឺច្រើនតែខ្វះលោកវេជ្ជបណ្ឌិតប្រចាំការ ។ ទាក់ទាក់ទិនករណីខាងលើនេះនគរវត្ត មិនអាចសុំការបំភ្លឺពីលោកវេជ្ជបណ្ឌិត យក់ ពុទ្ធវិសាល បានទេនារសៀល ថ្ងៃទី២៩ មេសា ២០១៩នេះ៕ យឹម សុថាន