ព័ត៌មានទាន់ហេតុការណ៍៖

ABA ចាត់វិធានការភ្លាមៗ ឆ្លើយតបទៅនឹងការមួលបង្កាច់ថា ដកបានលុយក្លែងក្លាយពី ATM របស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មាន ខែកន្លងទៅថ្មីៗនេះ ក្រោយសង្កេតឃើញថា មានអតិថិជនមួយចំនួន បានបង្ហោះសារចោទប្រកាន់ជាច្រើននៅលើបណ្តាញសង្គម Facebook ថា ពួកគេបានដកចំប្រាក់ក្លែងក្លាយពីទូ ATM របស់ ABA នោះ ឥឡូវធនាគារមួយនេះកំពុងចាត់វិធានការភ្លាមៗ ដោយទាក់ទងទៅកាន់ម្ចាស់សារ Facebook ទាំងនោះដោយផ្ទាល់ ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់ ដែលបានលើកឡើង ។

អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាច្រើននាក់ ដែលអះអាងថា ខ្លួនបានដកប្រាក់ពីទូ ATM របស់ធនាគារ ABA ចំក្រដាសប្រាក់ក្លែងក្លាយនោះ បានលុបសារចោទប្រកាន់របស់ខ្លួនជាបន្តបន្ទាប់ រួមជាមួយ និងការបង្ហោះសារជាសាធារណៈនៅលើបណ្តាញសង្គម Facebook ដោយសារភាពថា ពួកគេមានការយល់ច្រឡំដោយខ្លួនឯង ហើយ ក៏បានសុំការអភ័យទោសពីធនាគារ ABA ផងដែរ ។ លិខិតរបស់អតិថិជន ABA ដែលសុំការអភ័យទោសពីធនាគារ ក្រោយពីការចោទប្រកាន់របស់ពួកគេ ត្រូវបានស៊ើបអង្កេតរកឃើញការពិតជាក់ស្ដែង ។

ទាក់ទង និងករណីមួយក្នុងចំណោមករណីទាំងនោះ មានអតិថិជនម្នាក់ បានដកប្រាក់ពីទូ ATM មួយរបស់ ABA នៅរាជធានីភ្នំពេញ ហើយរយៈពេល១២ ថ្ងៃក្រោយមក ទើបរូបគេបានបង្ហោះរូបថតបង្ហាញពីក្រដាសប្រាក់១០០ដុល្លារ១សន្លឹក ដោយមានសរសេរពាក្យ «COPY» យ៉ាងច្បាស់ និងបានចោទថា ក្រដាសប្រាក់នោះ ត្រូវបានដកចេញពីទូ ATM មួយរបស់ធនាគារ ABA ។ បុគ្គលិកនាយកដ្ឋានដំណោះស្រាយបញ្ហារបស់ធនាគារ បានអញ្ជើញអតិថិជនរូបនោះឲ្យទៅកាន់ធនាគារ និងបានពិនិត្យមើលឡើងវិញជាមួយបុគ្គលិកផ្នែកដោះស្រាយបញ្ហា នូវព័ត៌មាននៃការដកប្រាក់ ដែលគាត់បានធ្វើឡើង ។ ផ្អែកតាមភ័ស្តុងតាងជាក់ស្ដែងចំពោះមុខ អតិថិជនរូបនោះ បានទទួលស្គាល់ទាំងស្រុងថា ក្រដាសប្រាក់ ដែលខ្លួនដកពី ទូ ATM នោះ គឺជាក្រដាសប្រាក់ពិត ហើយអាច និងត្រូវគេលួចប្តូរដាក់ក្រដាសប្រាក់ក្លែងក្លាយ ក្នុងការបូបនៅចន្លោះពេល១២ ថ្ងៃនោះ ។

លោក ម៉ី ប៉ូលីន នាយកផ្នែកអភិវឌ្ឍអាជីវកម្មរបស់ធនាគារ ABA បានបញ្ជាក់ថា៖ «ចាប់តាំងពីពាក់កណ្តាល ឆ្នាំមុនមក យើងបានឃើញការបង្ហោះសារនៅលើបណ្តាញសង្គម Facebook ចំនួន១៥ករណី ដោយចោទប្រកាន់ថា ដកបានប្រាក់ក្លែងក្លាយពីម៉ាស៊ីនរបស់យើង ។ រឿងនេះ គឺពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់ពួកយើង ពីព្រោះការិយាល័យដោះស្រាយបញ្ហារបស់យើងកម្រទទួលបាននូវបណ្ដឹងតវ៉ាអំពីក្រដាសប្រាក់ក្លែងក្លាយណាស់ មិនថាតាមសាខាធនាគារនានារបស់យើង តាមរយៈទូរស័ព្ទ ឬតាមអនឡាញនោះទេ បើទោះបីជាយើងផ្សព្វផ្សាយយ៉ាងទូលំទូលាយឲ្យអតិថិជនធ្វើការស្នើ, សាកសួរព័ត៌មាន, និងស្វែងរកដំណោះស្រាយតាមបណ្ដាញទំនាក់ទំនងផ្លូវការរបស់យើង ក៏ដោយ» ។ លោកបានប្រាប់បន្តថា៖ «ពួកគាត់ចាប់ផ្ដើមប្រតិកម្មតែនៅលើបណ្តាញសង្គម ដោយមិនស្វែងរកជំនួយ ឬដំណោះស្រាយដោយផ្ទាល់ពីធនាគារឡើយ» ។

អ្នកស្រី ឡុង នីនលីដា ប្រធានអង្គភាពប្រតិបត្តិការសាច់ប្រាក់របស់ធនាគារ ABA បានពន្យល់ថា ABA មិនខុសពីធនាគារពាណិជ្ជធំៗទាំងអស់នៅកម្ពុជាប៉ុន្មានឡើយ ធនាគារនេះ ប្រើប្រាស់ឧបករណ៍ពិនិត្យក្រដាសប្រាក់ដ៏ទំនើបចុងក្រោយបង្អស់ ដែលអាចស្គាល់ និងចាប់យកក្រដាសប្រាក់ក្លែងក្លាយ ចេញពីក្រដាស ប្រាក់ពិត ដែលដាក់ឲ្យចរាចរក្នុងទូ ATM ទាំង៣០១កន្លែងរបស់ខ្លួន នៅទូទាំងប្រទេសកម្ពុជា ។

អ្នកស្រីបានឲ្យដឹងថា ៖ «ម៉ាស៊ីនពិនិត្យប្រាក់ទាំងនេះ ដែលជាផ្នែកមួយនៃកម្មវិធីសន្តិសុខផ្សេងទៀត អាចចាប់ និងថតយក លេខមាលា (Serial Number) របស់ក្រដាសប្រាក់គ្រប់សន្លឹក ដែលយើងបានដាក់បញ្ចូលទៅក្នុងទូ ATM នានា ដូច្នេះនៅពេល ដែលមានការតវ៉ាទាមទារពីអតិថិជន យើង និងយកកំណត់ត្រានេះ ធ្វើជាឯកសារយោងដើម្បីផ្ទៀងផ្ទាត់ថាតើក្រដាសប្រាក់នោះ ពិតជាចេញពីម៉ាស៊ីន របស់យើងមែន ឬមិនមែន» ។ អ្នកស្រីនីនលីដា បានបន្ថែមទៀតថា៖ «ក្រៅពីឧបករណ៍ពិនិត្យក្រដាសប្រាក់ យើង ក៏មានក្រុមការងារគ្រប់គ្រងសាច់ប្រាក់ និង ក្រុមជំនាញការសន្តិសុខ សម្រាប់ត្រួតពិនិត្យជាប់ជានិច្ចលើគ្រប់ដំណាក់កាលនៃការចរាចរ ក្រដាសប្រាក់របស់យើង ដោយប្រើកាមេរ៉ាសុវត្ថិភាពជាច្រើន ដើម្បីធានាឲ្យបានថា គ្មាននរណាម្នាក់អាចលួចបន្លំក្រដាសប្រាក់ ដែលដាក់ចូលក្នុងទូ ATM របស់យើងបានឡើយ» ។

លោក Mr. Igor Zimarev ប្រធានផ្នែកទីផ្សាររបស់ធនាគារ ABA បានលើកឡើងថា៖ «កាជឿជាក់ទុកចិត្ត គឺជាគន្លឹះមួយក្នុងចំណោមគន្លឹះសំខាន់ៗ នៃកិច្ចការបម្រើសេវាជូនអតិថិជន ដែលត្រូវបានចាត់ទុកថាជា តម្លៃស្នូលរបស់យើង ។ ធនាគារ ABA ធ្វើការតាមដានបណ្តាញសង្គមយ៉ាងដិតដល់ ហើយ ក៏ និងបន្តទាក់ទង និងទៅកាន់អតិថិជន ដែលបង្ហោះសារត្អូញត្អែរផ្សេងៗអំពីសេវាកម្មរបស់ធនាគារ ដោយជំរុញពួកគាត់ដាក់ពាក្យបណ្តឹង ឬលើកជាសំណើទៅកាន់ធនាគារដោយផ្ទាល់ ជាជាងការបង្ហោះសារលើ Facebook ឬនៅលើគេហទំព័រផ្សេងៗទៀត ។

លោក Zimarev បានបញ្ជាក់ថា៖ «មធ្យោបាយ ដែលល្អបំផុតក្នុងការលើកឡើងពីបញ្ហាពាក់ព័ន្ធ គឺការទាក់ទងដោយផ្ទាល់ទៅកាន់ធនាគារ ជាកន្លែង ដែលយើងមានការផ្ដល់ជូននូវវិធីដោះស្រាយបញ្ហាយ៉ាងទូលំទូលាយ ដែលរួមមានដូចជាការស៊ើបអង្កេតយ៉ាងល្អិតល្អន់ទៅលើបញ្ហា ដែលបានលើកឡើងជាដើម ។ លោកបានបន្ថែមទៀតថា៖ «យើង និងដោះស្រាយបញ្ហាទាំងនេះ តាមផ្លូវច្បាប់ ប្រសិនបើយើងដឹងថា អ្នកបង្ហោះសារទាំងនោះកំពុងតែព្យាយាមឆបោកធនាគារយើង ឬ បង្ខូចឈ្មោះរបស់យើងដោយចេតនា តាមរយៈការបង្ហោះសារមួលបង្កាច់ លើបណ្តាញសង្គម ដោយមិនអនុវត្តតាមនីតិវិធីត្រឹមត្រូវដើម្បីស្វែងរកដំណោះស្រាយពី ធនាគារដោយផ្ទាល់» ។

ពាក់ព័ន្ធនឹងករណីនេះដែរ បច្ចុប្បន្ន មានបុរសជនជាតិស្វ៊ីសម្នាក់ ត្រូវបានឃ្មុំខ្លួនក្នុងពន្ធធានាគារ នៅរាជធានីភ្នំពេញ ពីបទឆបោកធនាគារដោយចេតនា តាមរយៈការលួចប្តូរក្រដាសប្រាក់ពិត១សន្លឹក ជាមួយ និងក្រដាសប្រាក់មួយ ដែលមានសរសេរអងក្សរថា «COPY» និងបានព្យាយាមមួលបង្កាច់ថា ក្រដាសប្រាក់ក្លែងក្លាយនេះ បានដកចេញពីទូមួយរបស់ធនាគារ ABA ។ លោក Zimarev បានសន្និដ្ឋានថា៖ «តាមរយៈការពិនិត្យ និងការស៊ើបអង្កេតផ្ទៃក្នុង យើងបានរកឃើញថា ការត្អូញត្អែរ ដែលកើតមានកន្លងមក គឺជាការព្យាយាមបង្ខូចកេរិ៍្តឈ្មោះ និងឆបោក ។ យើង និងធ្វើការជាមួយស្ថាប័ន

អនុវត្តច្បាប់ ដើម្បីធានាឲ្យបានថា បញ្ហានោះ ត្រូវបានដោះស្រាយតាមផ្លូវច្បាប់ ដែលក្នុងនោះអាចមានការកាត់ទោសកម្រិតព្រហ្មទណ្ឌលើជនឆបោកផង»៕ វឌ្ឍនា


ចែករំលែក៖