ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារ ដែលធ្វើឡើងនៅវិមានសន្តិភាពនោះ លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) បានជម្រាបជូនសម្តេចតេជោថា នេះគឺជាលើកទី១ហើយ ដែលលោកជំទាវ បានបំពេញដំណើរទស្សនកិច្ចមកកាន់កម្ពុជា ក្នុងការមកជួបចរចាជាមួយនឹងសម្ដេចតេជោ ហើយជាពិសេសគឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនខ្លាំងឡើង ហើយកាន់តែសកម្មឡើងថែមទៀត។ ក្នុងន័យនេះ លោកជំទាវបានលើកឡើង ពីកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ វិស័យសាសនា វិស័យអប់រំ ដូចជាវិស័យសេដ្ឋកិច្ចផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ចំពោះការលើកឡើងនូវកិច្ចសហប្រតិបត្តិការសំខាន់ៗ រវាងប្រទេសយើងទាំងពីរ ដែលលោកជំទាវ អោង សានស៊ូជី បានលើកឡើង។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ទាក់ទងទៅនឹង បញ្ហាវប្បធម៌នៅឆ្នាំ២០២០ខាងមុខនេះ គឺជាខួប៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូច្នេះយើងគប្បីណារៀបចំរួមគ្នានូវសកម្មភាពឲ្យមានភាពអធិកអធមផង និងជំរុញវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរផង ជាពិសេសខេត្តសៀមរាប និងខេត្តបាហ្គាន ដែលជាខេត្តពោរពេញទៅដោយ ប្រាសាទបេតិកភណ្ឌ។ ពាក់ព័ន្ធទៅនឹងសាសនា សម្ដេចតេជោ បានថ្លែងអំណរគុណដល់សហភាពមីយ៉ាន់ម៉ា ដែលអនុញ្ញាតឲ្យកម្ពុជាសាងសង់ព្រះវិហារក្នងខេត្តនៅប្រទេសមីយ៉ាន់ម៉ា ហើយបានអរគុណផងដែរ ដល់ប្រទេសមីយ៉ាន់ម៉ា ដែលបានបណ្តុះបណ្តាល សមណសង្ឃ ឲ្យទទួលបានការអប់រំនៅទីនោះ ដោយរហូតមកដល់បច្ចុប្បន្ននេះ គឺមានសមណសង្ឃចំនួន៩៤អង្គហើយ ដែលបានបញ្ចប់ការសិក្សា ពីប្រទេសមីយ៉ាន់ម៉ា ហើយនៅមានចំនួន៤អង្គទៀត ដែលកំពុងបន្តការសិក្សានៅទីនោះ។
ពាក់ព័ន្ធទៅនឹងវិស័យអប់រំ សម្ដេចតេជោ បានស្នើសុំឲ្យធ្វើយ៉ាងណា មានការជំរុញអនុវត្តនូវកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ជាមួយគ្នារួចហើយ។ លើសពីនោះទៅទៀត ក៏សូមឲ្យមានការផ្លាស់ប្ដូរ ទំនាក់ទំនងរវាងនិស្សិតកម្ពុជា និងនិស្សិតមីយ៉ាន់ម៉ា ទៅវិញទៅមក ដែលមានការគាំទ្រពី រដ្ឋាភិបាលប្រទេសទាំងពីរ។ ក្នុងឱកាសនេះ សម្តេចតេជោ ក៏បានផ្តល់អាហារូបករណ៍ចំនួន១០ ទៅដល់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីមាននិស្សិតមីយ៉ាន់ម៉ា មកសិក្សានៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០។ ពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ច សម្ដេចតេជោ បានស្នើសុំឲ្យមានការត្រួតពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀតដែលប្រទេសយើងទាំងពីរ មានសក្តានុពល ជំរុញឲ្យមានការរីកចម្រើនកាន់តែធំធាត់ឡើង។ ជាពិសេស បង្កើនទំហំពាណិជ្ជកម្ម ពី១០លានដុល្លារ ឲ្យបានកាន់តែធំឡើង ច្រើនជាងមុនបន្ថែមទៀត។ រាល់កិច្ចការ ដែលបានលើកឡើងខាងលើនេះ លោកជំទាវ និងសម្ដេចតេជោ បានឯកភាពគ្នា ជំរុញវិស័យសំខាន់ៗទាំងនេះ ហើយក៏បានផ្ដល់ការទុកចិត្ត និងឲ្យរដ្ឋមន្ត្រីដែលពាក់ព័ន្ធនៃប្រទេសទាំងពីរ ធ្វើការងារនោះជាបន្តបន្ទាប់ទៀត៕