ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នថា ជើងភ្នំក្រោម មានសុទ្ធតែផ្នូរខ្មោចចិន និងវៀតណាម អុជទៀនធូប ទុកចោល បណ្តាលឲ្យឆេះព្រៃនៅលើភ្នំក្រោមអស់មួយចំនួន

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចឲ្យដឹងថា ពលរដ្ឋបានសែនផ្នូររួចអុជទៀនធូប ទុកចោល បណ្តាលឲ្យឆេះព្រៃនៅលើភ្នំក្រោមអស់មួយចំនួន។ ប៉ុន្តែមិនមានរាលដាលដល់ផ្ទះអ្នកភូមិ ដែលនៅជុំវិញទីនោះទេ ដោយសារសមត្ថកិច្ច និងពលរដ្ឋជួយពន្លត់ទាន់ពេល ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៥និង៣នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុច ភូមិ ភ្នំក្រោម សង្កាត់ សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរង ទទួលផែនការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា មានករណីភ្លើងឆេះព្រៃលើភ្នំក្រោម ទំហំប្រមាណជាង ១០០ម៉ែត្រ ៤ជ្រុងរលត់ទៅវិញ និងជួយដាក់ទឹកជូនប្រជាពលរដ្ឋរហូតដល់ម៉ោង៤និង៣០ នាទីថ្ងៃខែឆ្នាំដដែល នៅចំណុច ភូមិ ភ្នំក្រោម សង្កាត់ សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

លោកបន្តថា ការខូចខាតមិនប៉ះពាល់ និងខូចខាតលំនៅដ្ឋានទេ ។ ក្នុងពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គិភ័យចំនួន៥ ឡាន បានជួយអន្តរាគន៍ ប្រើប្រាស់ទឹកអស់ ២ ឡាន ។ មូលហេតុ ដោយសារមានការសែនផ្នូរហើយអុជទៀនធូបទុកចោល ។ ក្នុងនោះដែរលោកស្នងការរង ក៏បានផ្តាំផ្ញើ ឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះរឿងភ្លើងទៀនធូបនេះ ព្រោះរដូវនេះជារដូវក្តៅ អាចនឹងងាយឆាបឆេះដោយយថាហេតុ ៕ ប៊ុនរិទ្ធី


ចែករំលែក៖