ភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនចោរឆក់ម្នាក់ ដាក់គុកព្រៃសរ បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាននិងសាកសួរបញ្ចប់នីតិវិធី រួចបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។
ជនសង្ស័យឈ្មោះ យ៉េន មករា ភេទប្រុស អាយុ ៣៣ឆ្នាំជាចោរឆក់ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ប្រដេញឃាត់ខ្លួនបាន កាលពីថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៩ វេលាម៉ោង០៨ និង០០នាទីព្រឹក ដែលរូបគេជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ ខណ:ដែលរូបគេ កំពុងជិះម៉ូតូ០១គ្រឿង ម៉ាក ZOOMER X ពណ៌ក្រហមលាយស ស្លាកលេខភ្នំពេញ 1GY-9555 ធ្វើដំណើរលើដងផ្លូវ ជួបនិងកម្លាំងល្បាតអាវុធហត្ថខណ្ឌទួលគោកឃើញ ស្គាល់ថាជាមុខសញ្ញា ធ្លាប់ធ្វើសកម្មភាពឆក់ បានហៅឲ្យឈប់ ដើម្បីត្រួតពិនិត្យ តែរូបគេបានផ្តួលម៉ូតូរត់គេចខ្លួន រហូតដល់ចំណុច មុខសាលាវេស្ទើនអន្តរជាតិ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោករាជធានីភ្នំពេញ ទើបសមត្ថកិច្ចអាវុធហត្ថ ស្ទាក់ឃាត់ខ្លួនបានតែម្តង ។
ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រូបគេបានប្រាប់ឲ្យដឹងថា រូបគេ និងបក្ខពួកឈ្មោះ នីត ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ បានជិះម៉ូតូ ០២គ្រឿងផ្សេងគ្នា ក្នុងគោលបំណងដើររកធ្វើសកម្មភាពឆក់ សម្ភារ:មានតម្លៃពីប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ ដោយឈ្មោះ យ៉េន មករា (ឃាត់ខ្លួន) ជិះម៉ូតូម៉ាក ZOOMER X ពណ៌ក្រហមលាយស ស្លាកលេខ ភ្នំពេញ1GY-9555 រីឯឈ្មោះ នីត(គេចខ្លួន) ជិះម៉ូតូ ម៉ាក Let ពណ៌សស៊េរីឆ្នាំ២០១៨ មិនចាំស្លាកលេខ ។ បន្ទាប់ពីពួកខ្លួន ជិះដល់មុខផ្សារយ័ន សង្កាត់បឹងកក១ ខណ្ឌទួលគោក បានឃើញស្ត្រីម្នាក់ជិះម៉ូតូ មានស្ពាយកាបូបផងនោះ ឈ្មោះ នីត (គេចខ្លួន) បានជិះម៉ូតូទៅក្បែរជនរងគ្រោះ ហើយបានឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះបានសម្រេច និងជិះរត់គេចខ្លួនដល់ចំណុចស្ថានីយ៍ប្រេងដីក្រហម សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទើបឈ្មោះ នីត បានឲ្យកាបូបដែលឆក់បាន មករូបខ្លួន ក៏បែកផ្លូវគ្នារៀងៗខ្លួន ។
លុះពេលពេលរូបខ្លួនកំពុងជិះម៉ូតូ ដល់ផ្លូវមុខសាលាទួលគោកស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថ ហៅខ្លួនឲ្យឈប់ តែរូបគេបានផ្តួលម៉ូតូរត់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថស្ទាក់ឃាត់ខ្លួនបាន ។
រូបគេបានប្រាប់ឲ្យដឹងទៀតថា កន្លងមករូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន ប្រភេទម៉ាទឹកកក ០២ឆ្នាំមកហើយ ដោយទិញនៅម្តុំក្តាន់ពីរ ហើយនិងធ្លាប់បានជាប់នៅមណ្ឌលកែប្រែឳកាសខ្ញុំម្តងដែរ ទើបតែចេញមកវិញ នៅដើមឆ្នាំ ២០១៩នេះទេ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់គុកព្រៃសរ បណ្ដោះអាសន្ន ៕ ស រស្មី