ខេត្តកំពង់ឆ្នាំង៖ ស្រ្តីម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលកំពុងច្រូតស្រូវ ពេលមេឃភ្លៀង នៅចំណុចទំនប់ត្រីពោធិ៍ ស្ថិតនៅក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៦ និង០០ នាទីល្ងាច ។
សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់ដោយរន្ទះបាញ់នេះ មានឈ្មោះទឹម ឃឿន អាយុ៤៥ឆ្នាំ រស់នៅភូមិកំពង់បាស្រូវត្បូង ឃុំជលសា ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុស្រ្តីរងគ្រោះ រួមនិងអ្នកភូមិបាននាំគ្នាទៅច្រូតស្រូវនៅចំណុចកើតហេតុខាងលើ បានច្រូតស្រូវតាំងពីព្រឹករហូតដល់រសៀល មេឃ ក៏ចាប់ផ្តើមងងឹតនិងមានខ្យល់ ផ្គរ និងមានភ្លៀងតិចតួច ប៉ុន្តែឃើញស្ថានភាពអាកាសធាតុបែបនេះ ប្រជាពលរដ្ឋមិនបានឈប់សម្រាកនោះទេ គឺនាំគ្នាប្រឹងច្រូតឲ្យហើយ ស្រាប់ពេលកំពុងច្រូត ក៏រន្ទះបាញ់ចំស្រ្តីរងគ្រោះតែម្តង បណ្តាលឲ្យដួលស្លាប់ភ្លាមៗនៅក្នុងស្រែ ។ ក្រោយពេលកើតហេតុប្រជាពលរដ្ឋខំជួយសង្រ្គោះដែរ នៅតែមិនអាចជួយបាន ហើយបាន រាយការណ៍ទៅសមត្ថកិច្ច ដើម្បីពិនិត្យសាកសព ។ ក្រោយពីសមត្ថកិច្ចពិនិត្យសាកសពរួច បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា