ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋប្រហារនៅវេណេហ្ស៊ុយអេឡា ជារដ្ឋប្រហារក្លែងក្លាយ រៀបចំឡើងដោយអាមេរិក ជួយមេបក្សប្រឆាំងឡើងកាន់អំណាច

ចែករំលែក៖

ក្រុមអ្នកជំនាញរបស់រុស្ស៊ី និងវេណេហ្ស៊ុយអេឡា បានរកឃើញ ការបង្កើតរដ្ឋប្រហារក្លែងក្លាយដើម្បីធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ធ្លាក់ក្នុងស្ថានភាពច្របូកច្របល់ ជួយឲ្យមេបក្សប្រឆាំងដណ្តើមគ្រប់គ្រង រដ្ឋាភិបាល ។

ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា ប្រព័ន្ធផ្សព្វផ្សាយនានា មិនត្រូវប្រែក្លាយទៅជាឧបករណ៍ឃោសនា រឿងមិនពិតជួយដល់ក្រុមប្រឆាំង ធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ធ្លាក់ក្នុងវិបត្តិជាទ្រង់ទ្រាយធំ ។

ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា ប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោកបញ្ចៀសការ ផ្សព្វផ្សាយព័ត៌មាន មិនពិត ធ្វើឲ្យស្ថានភាពក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាន់តែអាក្រក់ទៅ មិនអាចស្វែងរកដំណោះស្រាយឃើញ ។

ទីក្រុងមូស្កូ ក៏បានចោទប្រកាន់ក្រុមប្រឆាំង ដឹកនាំដោយលោក Juan Guaido ដែលគាំទ្រដោយអាមេរិក បានជំរុញឲ្យមានអំពើហិង្សាកើតឡើងដើម្បីធ្វើរដ្ឋប្រហារ ។ ក្រសួងការបរទេសរុសស្សីបានបញ្ជាក់ថា ក្រុមប្រឆាំង រៀបចំគម្រោងបង្កអំពើហិង្សា ប្រដាប់អាវុធ ដើម្បីឡើងកាន់អំណាចដឹកនាំប្រទេស ។

រុស្ស៊ីបានបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ចាំបាច់ត្រូវតែដោះស្រាយដោយសន្តិវិធី មិនត្រូវការជ្រៀតជ្រែកពីខាងក្រៅនោះឡើយ ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសវេណេហ្ស៊ុយអេឡា បានចោទប្រកាន់ ការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី៣០ ខែមេសា ត្រូវបានរៀបចំឡើយនៅលើទឹកដីអាមេរិក ។ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា នឹងខិតខំរក្សាសន្តិភាព ស្ថេរភាពនៅក្នុងប្រទេស ។

រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡា លោក Jorge Arreaza បានប្រកាសថា មានទាហានប្រមាណ៣០នាក់ប៉ុណ្ណោះ គាំទ្រការធ្វើរដ្ឋប្រហារ របស់លោក Juan Guaido ។ ការធ្វើរដ្ឋប្រហារនេះ មិនបានកើតចេញពីកម្លាំងទាហានវេណេហ្ស៊ុយអេឡាឡើយ គឺ ក្រុមប្រឆាំង បង្កើតឡើង នៅលើទឹកដីអាមេរិក ។

ចំណែកអាមេរិកវិញ ទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton បានប្រកាសគាំទ្រការធ្វើរដ្ឋប្រហារ ដោយសន្យាថា នឹងគាំទ្រជួយដល់ពលរដ្ឋវេណេហ្ស៊ុយអេឡា ។ ជាមួយគ្នានេះ លោក John Bulton បានថ្កោលទោសដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី ម៉ាឌូរ៉ូ ផងដែរ ។

ជាក់ស្តែងកាលពីថ្ងៃទី ៣០ ខែមេសា ក្រុមបាតុករបានប៉ះទង្គិចយ៉ាងហិង្សាជាមួយប៉ូលិស នៅតាមដងផ្លូវនានា ក្នុងរដ្ឋធានី នៃវេណេហ្ស៊ុយអេឡា ក្រោយពីមេដឹកនាំប្រឆាំង លោក ជួន កាយដូ (Juan Guaido) ជំរុញឲ្យកងកម្លាំងកងទ័ពក្រោកឈរឡើង ប្រឆាំងនឹងប្រធានាធិបតី Nicolas Maduro ហើយរដ្ឋាភិបាលអះអាងថា កងកម្លាំងរបស់ខ្លួនបានបង្ក្រាបនូវការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ ។

មេដឹកនាំប្រឆាំង Guaido បានបង្ហាញឲ្យឃើញថា កម្លាំងទាហាន នៃប្រទេសនេះ បានគាំទ្រខ្លួនកាន់តែច្រើនឡើង នៅក្នុងការធ្វើបាតុកម្មមួយ ដោយប្រុងប្រយ័ត្ន ហើយរងនូវការបង្ក្រាបយ៉ាងចាស់ដៃ ។ ជាក់ស្តែង ផ្សែងខ្មៅបានហុយឡើងទៅលើអាកាស គ្របដណ្ដប់ទៅលើភាគខាងកើត នៃទីក្រុងការ៉ាកាស ដែលកើតចេញពីការផ្ទុះហិង្សា រវាងកងកម្លាំងប៉ូលិស និងក្រុមបាតុករ ។

រដ្ឋាភិបាលទីក្រុងការ៉ាសកាស បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានបង្ក្រាប ដោយជោគជ័យនូវការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដោយក្រុមទាហានមួយក្តាប់តូច ។ បាតុកម្ម និងការបង្ក្រាប ដោយហិង្សាបានកើតឡើង រវាងបាតុករ និងកម្លាំងសន្តិសុខវេណេហ្ស៊ុយអេឡា ។ កម្លាំងទាហានវេណេស៊ុយអេឡា ដើមឡើយ បានគាំទ្រស្មោះត្រង់ជាមួយប្រធានាធិបតី Maduro ទើបធ្វើឲ្យគាត់នៅក្រាញ ក្នុងអំណាចបានយូរខែថ្ងៃ ហើយប្រឈមការជាប់គាំងនយោបាយជាមួយក្រុមប្រឆាំងរបស់លោក Guaido ដែលអំពាវនាវឲ្យទាហានក្រោកបះបោរប្រឆាំង ។

នៅលើបណ្តាញសង្គម លោក Maduro បានបញ្ជាក់ថា មេទ័ពផុតលេខរបស់ប្រទេសនេះ បានធានា និងគាំទ្រដល់រូបគាត់ ដោយស្ម័គ្រស្មោះជាមួយនិងរដ្ឋាភិបាលរហូត ។ លោក Juan Guaido ដែលប្រកាសតែងតាំងខ្លួនឯង ជាប្រធានាធិបតី វេណេហ្ស៊ុយអេឡាស្ដីទី ក្រោមការគាំទ្រយ៉ាងពេញទំហឹង ពីសហរដ្ឋអាមេរិក បាននិយាយថា លោកបានចាប់ផ្ដើម អនុវត្តដំណាក់ កាលចុងក្រោយនៃផែនការទម្លាក់ប្រធានាធិបតីបច្ចុប្បន្ន លោក Maduro ចេញពីតំណែង ហើយអំពាវនាឱ្យយោធា និងប្រជាជនវេណេហ្ស៊ុយអេឡាទាំងអស់គាំទ្ររូបលោក ។

លោក Guaido អំពាវនាវតាមឃ្លីបវីដេអូមួយ ដែលបង្ហោះនៅលើបណ្ដាញ Twitter ឃើញមានក្រុមបុរសស្លៀកពាក់ឯកសណ្ឋានយោធា ប្រដាប់ដោយអាវុធប្រមាណ៧០នាក់ នៅអមជុំវិញមេបក្សប្រឆាំងរូបនេះ ។ ថ្លែងនៅក្នុងឃ្លីបវីដេអូនោះ លោក Guaido បានលើកឡើងយ៉ាងដូច្នេះថា៖ «កងទ័ពនិងសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដើម្បីប្រឆាំងនិងលោកប្រធានាធិបតី Maduro…ហើយខ្ញុំក៏សូមអំពាវនាវផងដែរដល់យប្រជាជនទាំងអស់ នាំគ្នាធ្វើបាតុកម្មតវ៉ា និងទាមទារឲ្យកងទ័ពចូលរួមជាមួយពួកយើង ប្រឆាំងនិងរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ (Maduro) » ។

គួរបញ្ជាក់ថា អនុប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោកស្រី Delcy Rodríguez បានអះអាងថា មានករណីប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ បានកើតឡើងជាថ្មីទៀត ដោយក្រុមយោធាស្តាំនិយមមួយក្រុម បានទន្ទ្រានចូលកាន់កាប់តំបន់មួយឈ្មោះ Altamira ស្ថិតនៅក្បែររដ្ឋធានីការ៉ាកាស់ ។ ក្រុមយោធា ដែលបះបោរខាងលើនេះ មានចំនួនមួយក្តាប់តូចប៉ុណ្ណោះ ហើយកងកម្លាំងរដ្ឋាភិបាលកំពុងតែរៀបចំបង្ក្រាបទៅលើក្រុមទាំងនោះ ។

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប បានថ្លែងប្រាប់ស៊ីអិនអិន (CNN) ហើយចេញផ្សាញ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ថា មេដឹកនាំ នៃប្រទេសវេណេហ្ស៊ុយអេឡា Nicolas Maduro បានត្រៀមភៀសខ្លួនទៅសុំសិទ្ធិជ្រកកោន នៅក្នុងប្រទេសគុយបា ប៉ុន្ដែរុស្ស៊ីបានរារាំងវិញ ។ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងថា «យើងបានពិនិត្យមើលតាំងពីគេបានឃើញលោក Maduro មកម៉្លេះ ។ ក្នុងដំណើរតាមយន្តហោះមួយគ្រឿង គាត់ត្រៀមចាកចេញពីប្រទេស នៅព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ខណៈយើងយល់ថា រុស្ស៊ីបានណែនាំឲ្យគាត់បញ្ឈប់ដំណើរ ហើយគ្រប់គ្រងប្រទេសវេណេហ្ស៊ុយអេឡា បន្ដទៀត» ៕


ចែករំលែក៖