ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរសំរឹទ្ធិស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនចោរឆក់វ័យក្មេងយ៉ាងសកម្មម្នាក់ ដាក់ពន្ធធានាគារព្រៃស ក្រោយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួននាំមកសាកសួរបញ្ចប់នីតិវិធី ។
ជនសង្ស័យឈ្មោះ សាន កុសល ភេទប្រុស អាយុ ១៥ឆ្នាំ ដែលជាចោរឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៥០នាទីយប់ ខណ:ដែលរូបគេ បានកំពុងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នកដំណើរជាជនបរទេស នៅចំណុចផ្លូវលេខ១៧៨ កែងផ្លូវលេខ១៣ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញរាជធានីភ្នំពេញ ។
ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យខាងលើ បានសារភាពឲ្យដឹងថា ខណ:ដែលរូបគេកំពុងជិះម៉ូតូ០១គ្រឿង ម៉ាកស៊ុយហ្ស៊ីយគី NEX ពណ៌ទឹកក្រូចលាយសស្លាកលេខ ភ្នំពេញ 1HN-7303 ធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ គោលបំណងដើរឆក់ សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋ លុះជិះដល់ម្តុំផ្សារកណ្តាល បានឃើញជនបរទេសម្នាក់កំពុងឈរចុចទូរស័ព្ទ ជាឳកាសល្អរូបគេបានជិះទៅក្បែរហើយឆក់ទូរស័ព្ទពីដៃជនរងគ្រោះ តែជនរងគ្រោះដឹងខ្លួនទាន់បានទាញទូរស័ព្ទវិញ បណ្តាលឲ្យរូបគេដួលម៉ូតូ ពេលនោះមានប្រជាពលរដ្ឋដេញចាប់រូបគេ ស្របពេលនោះ មានកម្លាំងអាវុធហត្ថល្បាតឃើញ បានឃាត់រូបគេតែម្តង ។
រូបគេបានបន្តប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា កាលអំឡុងខែមីនា ឆ្នាំ២០១៩ រូបគេ និងបក្ខពួក ០២នាក់ទៀត ឈ្មោះរ័ត្ន និងឈ្មោះ ភា ធ្លាប់ធ្វើសកម្មភាពឆក់ សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋ ០៣លើកមកហើយ ដោយជិះម៉ូតូ ០២គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ និងម៉ាក NEX ពណ៌ទឹកក្រូចលាយស ស្លាកលេខ ភ្នំពេញ 1HN-7303 ដើម្បីធ្វើសកម្មភាពឆក់ ។ លើកទី១ ពួកគេ ធ្វើសកម្មភាពឆក់ នៅចំណុចមុខវាំងតែមិនបានសម្រេច និងមានបក្ខពួកបិទគូថតាមក្រោយផងដែរ,លើកទី២ ជនសង្ស័យ ខាងលើ បានជិះម៉ូតូម៉ាក NEX ម្នាក់ឯងធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃពីប្រជាពលរដ្ឋ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ តែមិនបានសម្រេច ,លើកទី៣ រូបគេបានឆក់ទូរស័ព្ទដៃ០១គ្រឿង ម៉ាក SUMSUNG ពីជនរងគ្រោះបានសម្រេច នៅលើផ្លូវស៊ីសុវត្ថិ ហើយយកទៅលក់នៅម្តុំផ្សារសូរិយ៉ា បានប្រាក់១០០ដុល្លារ អាមេរិក ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនដាក់ពន្ធធានាគារព្រៃសបណ្ដោះអាសន្ន ៕ស រស្មី