ព័ត៌មានទាន់ហេតុការណ៍៖

គយចល័តតំបន់៣បង្ក្រាបចាប់រថយន្តទំនើបចង្កូតស្តាំ ពាក់ស្លាកលេខ(ខ.ម)មួយគ្រឿងចំកណ្តាលក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ រថយន្តទំនើបចង្កូតស្តាំមួយគ្រឿងម៉ាក ALPHARD ពាក់ស្លាលេក្លែងក្លាយ(ខេមរភូមិន្ទ០២-២.៩៨៧៩)ផលិតឆ្នាំ២០១៦ដែលគ្មានការទទួលស្គាល់ និងចេញឲ្យប្រើប្រាស់ស្លាកលេខដោយស្របច្បាប់ពីក្រសួងការពារជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចគយចល័តតំបន់៣ ផ្លូវជាតិលេខ៤នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ,នគរបាល ,កម្លាំងកងរាជអាវុធហត្ថ ‘បង្ក្រាបចាប់រថយន្តខាងលើនេះ កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រុង-ខេត្តព្រះសីហនុ ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក កែវ អង្កាម ប្រធានស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ រួចនាំយកវត្ថុតាងមករក្សាទុកនៅស្នាក់ការស្រាវជ្រាវ និងបង្ក្រាបអំពើគេចពន្ធតំបន់៣ ស្រុកស្រែអំបិល តាមនីតិវិធីគយ ។
គួររំឭកថា នៅខេត្តព្រះសីហនុ គិតចាប់ពីចុងឆ្នាំ២០១៨ រហូតមកដល់ជិតពាក់កណ្តាលខែឧសភា ឆ្នាំ២០១៩នេះ យ៉ាងតិចក៏មានរថយន្តស៊េរីទំនើបៗទាំងចង្កូតឆ្វេងនិងស្តាំ ប្រមាណជា៥០ គ្រឿង ដែលឈ្មួញប្រើប្រាស់ និងនាំចូលគេចពន្ធត្រូវបានសមត្ថកិច្ចគយ និងរដ្ឋាករខេត្តព្រះសីហនុ ក៏ដូចជាគយចល័តតំបន់៣ សហការជាមួយកងកម្លាំងចាប់បាននាំយកទៅរក្សាទុក ។ ក្នុងនោះរថយន្តប្រភេទចង្កូតឆ្វេង គឺតម្រូវឲ្យម្ចាស់ចូលបង់ប្រាក់ពិន័យ និងបង់ពន្ធតាមផ្លូវ ច្បាប់ ។ ដោយឡែកចំពោះរថយន្តចង្កូតស្តាំ ត្រូវបានរឹបអូសយកជាសម្បត្តិរដ្ឋ ដែលករណីខាងលើនេះ ធ្វើតាមការណែនាំចង្អុលបង្ហាញពីលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖