ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ដោយសាររថយន្តរបស់ក្រុមហ៊ុនទេសចរណ៍វៀតណាម បុកអ្នកជិះម៉ូតូចំពីមុខពេលទំហឹង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោ១៣:៥០នាទី លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ភ្នំពេញ អ្នកលឿង ចំណុចភូមិស្តៅ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FQ.1850 បើកបរដោយឈ្មោះរឿន ជប៉ុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែ រមានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តបង្កជារបស់ក្រុមហ៊ុនទេសចរណ៍វៀតណាម ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3B.6966 បើកបរដោយឈ្មោះ ចាំង ថាន់ឡឺង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្រុងតៃនិញ ប្រទេសវៀតណាម ។
នគរបាលចរាចរស្រុកកៀនស្វាយបានឲ្យដឹងថា តាមសាក្សីឃើញហេតុការ មុនពេលគ្រោះថ្នាក់ រថយន្តរបស់ក្រុមហ៊ុនទេសចរណ៍វៀតណាម_កម្ពុជា បើកបរក្នុងទិសដៅពីទិសដៅ ពីលិចទៅកើត ភ្នំពេញទៅអ្នកលឿង ពេលបើកមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូ០១គ្រឿង បើកបរក្នុងទីសដៅស្របជាមួយរថយន្តពេលនោះម៉ូតូបានវ៉ារថយន្តបើកឡើងលើ ចិញ្ចើមផ្លូវទាបខ្ពស់ ក៏ដួលម៉ូតូទៅខាងមុខរថយន្ត ស្របពេលនោះរថយន្តមកដល់ ក៏បុកនិងកិនអ្នកបើកបរម៉ូតូបណ្តាលឲ្យស្លាប់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងហើយប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នកបើកបររថយន្ត កម្លាំងជំនាញយកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីធ្វើកំណត់ហេតុបឋម ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូបើកបរជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ ចំណែករថយន្តបើកបរក្នុងល្បឿនលឿន ទើបមិនអាចគ្រប់គ្រងល្បឿនបានបង្កជាគ្រោះថ្នាក់ចរាចរតែម្តង ៕ សណ្តោស