ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងស្តីពី ការហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទាន បែងចែក ដីព្រៃឈើ ធ្វើជាកម្មសិទ្ធិ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថានពិនិត្យឃើញថា មានបុគ្គលមួយចំនួនបានធ្វើការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទាន បែងចែកដីព្រៃឈើនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីយកធ្វើ ជាកម្មសិទ្ធិ ក្រោមលេសខ្វះដីអាស្រ័យផល និងបង្កបង្កើនផល។ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងតំបន់ ការពារធម្មជាតិ ក្រសួងបរិស្ថានសូមដាក់ចេញនូវវិធានការនិងណែនាំដូចខាងក្រោម៖
– ទោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាក៏ដោយ ក៏ពុំមានសិទ្ធិរុករានដីព្រៃ កាន់កាប់ និងបែងចែកដី នៅក្នុង សហគមន៍តំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់ការពារធម្មជាតិទេ
– ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពល្មើសច្បាប់ដូចជា ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទាន ហ៊ុមព័ទ្ធ បែងចែកដីព្រៃឈើ និងការដាំដុះដំណាំ លើដីសហគមន៍តំបន់ការពារធម្មជាតិ និង ដីក្នុងតំបន់ការពារធម្មជាតិ
– ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់ការទិញ-លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ-លក់ដីរដ្ឋដោយខុសច្បាប់ ក្នុងតំបន់សហគមន៍តំបន់ការពារធម្មជាតិ និងក្នុងតំបន់ការពារធម្មជាតិ
– មន្ទីរបរិស្ថានខេត្តត្រូវដឹកនាំមន្ត្រីឧទ្យានុរក្សដោយសហការជាមួយរដ្ឋបាលដែនដី ក្នុងការអប់រំផ្សព្វផ្សាយលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដល់មហាជនទូទៅ ជាពិសេស ប្រជាសហគមន៍មូលដ្ឋាន
– អ្នកដែលបានទន្រ្ទានកាន់កាប់ដីខុសច្បាប់កន្លងមកត្រូវរុះរើខ្ទម តង់ និងសំណង់អនាធិបតេយ្យ ហើយប្រគល់ដី និងទីតាំងមកឱ្យក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។
ក្រសួងបរិស្ថាន ដោយសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធ នឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើស ដូចបាន រៀបរាប់ខាងលើដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ មន្ទីរបរិស្ថានរាជធានី ខេត្ត ធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ ឱ្យបានទូលំទូលាយដល់ មហាជន និងសហគមន៍មូលដ្ឋាន ដើម្បីបង្កើនការយល់ដឹង និងចូលរួមគោរពច្បាប់ទាំងអស់គ្នា ព្រមទាំងផ្តល់កិច្ចសហការ ក្នុងការអនុវត្តវិធានការចាំបាច់នានាដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
ដោយ៖ សហការី