ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង៖ ត្រូវធ្វើជាមន្ត្រីប្រកាន់ភ្ជាប់នូវបុព្វហេតុ កុំធ្វើជាមន្ត្រីឱកាសនិយម មន្ត្រីបែបនេះគឺជាប្រភេទមន្ត្រីគ្រោះថ្នាក់បំផុត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មានប្រសាសន៍នៅក្នុងពិធីផ្ទេរតំណែងអភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១០ ឧសភា នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តាំផ្ញើដល់មន្ត្រីទាំងអស់នៅក្នុងសាលា ខេត្តថា ចូរធ្វើជាមន្ត្រីដែលប្រកាន់ភ្ជាប់នូវបុព្វហេតុ បានន័យថាជាមន្ត្រីដែលលើកកម្ពស់ផលប្រយោជន៍ជាតិជាធំ ប្រកាន់ភ្ជាប់នូវឧត្តមគតិរបស់ខ្លួន មិនមែនជាមន្ត្រីឱកាសនិយម ហើយដូច្នេះកុំចាត់ទុកខ្លួនជាមន្ត្រីឱកាសនិយមឲ្យសោះ ការរៀបចំទុកដាក់ខ្លួនឲ្យក្លាយទៅជាគឺជាប្រភេទមន្ត្រីគ្រោះថ្នាក់បំផុត ។

សម្តេចបានមានប្រសាសន៍បន្ថែមថា នៅពេលដែលខ្លួនបានឡើងកាន់តំណែងភ្លាមគឺគិតផ្តេសផ្តាស់ហើយ របៀបនេះអត់បានទេ អាហ្នឹងឱកាសនិយមហើយ គឺអត់គិតពីផលប្រយោជន៍ជាតិជាធំទេ នេះបានតែ១ឆាវទេព្រៀបដូចភ្លើងចំបើងចឹង ។ សម្តេចក៏បានលើកឡើងថា ចំពោះមន្ត្រីដែលគេមានឧត្តមគតិទោះបីស៊ីអត់ស៊ីឃ្លានលំបាកវេទនាក៏ដោយគឺគេធ្វើដើម្បីជាតិ ដើម្បីប្រជាជន ។ បើមន្ត្រីខ្លះឡើងមក រកនេះរកនោះ នេះហើយគេហៅថាមន្ត្រីឱកាសនិយម ។ សម្តេចបានផ្តាំផ្ញើថា កុំរៀបចំទុកដាក់ខ្លួនឲ្យជាមន្ត្រីឱកាសនិយម ។

ដោយឡែកពាក់ព័ន្ធ និងករណីអនុវត្តន៍នូវគោលនយោបាយ ភូមិ ឃុំមានសុវតិ្ថភាព ពិសេសបញ្ហាគ្រឿងញៀន សម្តេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកជាថ្មីម្តងទៀតដូចកាលដែលសម្តេចបានជម្រុញប្រកាសរួចហើយនៅឯក្រសួងមហាផ្ទៃ ក្នុងឱកាសបិទសន្និបាតគ្រឿងញៀននោះគឺសម្តេចបានប្រកាសបិទទាំងស្រុងនូវទីកន្លែងសប្បាយណា ដែលមានការប្រើប្រាស់គ្រឿងញៀន ។

សម្តេចក្រហោម ស ខេង បានបញ្ជាក់យ៉ាងច្បាស់នៅក្នុង ឆ្នាំ២០១៩នេះ អាជ្ញាធរត្រូវអនុវត្តចុះបិទឲ្យអស់នៅក្លឹមកម្សាន្តណា ដែលប្រព្រឹត្តនូវសារធាតុញៀន ។ យើងមិនបិទក្លឹបកម្សាន្តទេ តែបើមានសារធាតុញៀនចាំបាច់ត្រូវតែបិទក្លឹបនោះ ។ សម្តេចបានបញ្ជាក់ថា បើតាមដឹងរយៈពេល២ ឆ្នាំសមត្ថកិច្ចបានចាប់ដកហូតគ្រឿងញៀនតាមក្លឹបកម្សាន្តមួយចំនួនប្រហែលជាង៦០០គីឡូក្រាមទៅហើយ ។ បញ្ហានេះ ត្រូវប្រឹងប្រែងទាំងអស់គ្នា ។

ក្នុងនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានជម្រុញឲ្យអាជ្ញាធរ ខេត្តត្រូវអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានភ្ជាប់ភ្ជួនរ ព្រោះថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះមិនបានថមថយនោះទេ ។

គួររំលឹកថា ពិធីផ្ទេរតំណែងអភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យបានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕ តាឡឹម


ចែករំលែក៖