ចិនបង្ហាញការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានសម្រេចដំឡើងពន្ធនាំចូលពីប្រទេសចិន ។ ទីក្រុងប៉េកាំងនឹងមានវិធានការតប់តវិញ ក្នុងពេលដ៏ខ្លីខាងមុខ។
គណៈប្រតិភូពិភាក្សាស្តីពីពាណិជ្ជកម្មរបស់ចិន ដែលទៅពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន អាមេរិក ក៏បានវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ ភ្លាមៗ ក្រោយពេល អាមេរិកដំឡើងពន្ធនាំចូលទំនិញពីចិនមានទឹកប្រាក់ ២០០ពាន់លានដុល្លារ ដែលចូលជាធរមាននៅវេលាម៉ោង ០០និង០១នាទី (ម៉ោងអាមេរិក) ត្រូវនឹងម៉ោង ១១និង០១នាទី ថ្ងៃទី១០ ខេឧសភា។
បើទោះបីបែបណាក្តី ភាគីចិនសង្ឃឹមថា ចិន និងអាមេរិក អាចនឹងឈានដល់កិច្ចព្រមព្រៀង បញ្ជប់វិវាទពាណិជ្ជកម្ម ។ សកម្មភាព ខាងលើបង្កក្តីបារម្ភយ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ អាចបង្កឲ្យមានវិបត្តិជាទ្រង់ទ្រាយធំ ពេលមហាអំណាចសេដ្ឋកិច្ចទាំងពីរ ធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្មនោះ ។
វិវាទពាណិជ្ជកម្ម អាមេរិក -ចិនបានជះឥទ្ធិពលយ៉ាងខ្លាំងដល់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលអាស្រ័យទៅលើវិស័យពាណិជ្ជកម្ម ទាំងជាមួយចិន និងអាមេរិក ។ ថៃជាប្រទេសរងការខាតបង់ច្រើនជាងគេ ហើយវិវាទកន្លងមក ធ្វើឲ្យថៃបាត់បង់ទឹកប្រាក់ដល់ទៅ៧៨០លានដុល្លារ ក្នុងរយៈពេល១ឆ្នាំកន្លងមក។
អ្នកស្រី Chutima Bunyapraphasara ដែលជារដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទីរបស់ប្រទេសថៃបាននិយាយថា ការសិក្សារបស់ក្រសួងបានប្រទះឃើញថា ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះ ០.៣% មកស្មើ៧៨០លានដុល្លារ ព្រោះតែជម្លោះពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំៗទាំងពីរ ។
ការនាំចេញពីប្រទេសថៃ ទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះអស់ ៣១៦.៥ លានដុល្លារក្នុងកំឡុងពេលខាងលើ ដែលភាគច្រើនមកពីពន្ធលើម៉ាស៊ីនបោកសម្លៀកបំពាក់ ផលិតផលដែកថែប និងអាលុយមីញ៉ូមជាដើម ។ យានយន្ត និងគ្រឿងយានយន្ត ផលិតផលក្នុងផ្ទះ និងការិយាល័យ គ្រឿងកុំព្យូទ័រ គ្រឿងអេឡិចត្រូនិច និងម៉ាស៊ីនផ្សេងៗ ដែលនាំចេញទៅកាន់ប្រទេសចិន ក៏បានធ្លាក់ចុះប្រមាណ ១.១០ ពាន់លានដុល្លារផងដែរ ។
ការធ្លាក់ចុះនេះ ត្រូវបានបំពេញមកវិញដោយកំណើននៃការនាំចេញយានយន្ត និងគ្រឿងយានយន្ត សម្លៀកបំពាក់ គ្រឿងអលង្ការ គ្រឿងកុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិច និងអាហារកែច្នៃជាដើម ទៅកាន់សហរដ្ឋអាមេរិកដែលកំពុងស្វែងរកផលិតផលជំនួសផលិតផល ដែលធ្លាប់តែនាំចូលពីប្រទេសចិន ។ ការនាំចេញទាំងនេះ សរុបស្មើ ៦៣៧ លានដុល្លារ ។
អ្នកស្រី Chutima បាននិយាយថា ក្រសួងពាណិជ្ជកម្ម នឹងមានកិច្ចប្រជុំរវាងនាយក នៃការិយាល័យមជ្ឈមណ្ឌល ពាណិជ្ជកម្មថៃជុំវិញពិភពលោក នៅចុងខែឧសភានេះ ដើម្បីវាយតម្លៃលើស្ថានការពាណិជ្ជកម្មអន្តរជាតិ និងពិភាក្សាពីគម្រោងក្នុងការជំរុញដល់ការនាំចេញក្នុងឆមាសទីពីរ ។
អ្នកស្រីបានបន្តថា នាយកដ្ឋានលើកតម្កើងការធ្វើពាណិជ្ជកម្មអន្តរជាតិ កំពុងតែបង្កើនកម្មវិធីនាំចេញផ្សេងៗក្នុងទីផ្សារបន្ទាប់បន្សំ ដូចជាឥណ្ឌា និងមជ្ឈិមបូព៌ាជាដើម ។ ប្រទេសថៃ ក៏កំពុងតែតាមដានការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនដែរ បន្ទាប់ពីរដ្ឋាភិបាលលោកប្រធានាធិបតីដូណាល់ត្រាំ (Donald Trump) ក្នុងពេលថ្មីៗនេះ គំរាមថានឹងបង្កើនពន្ធលើផលិតផលចិនប្រមាណ ២០០ពាន់លានដុល្លារពី១០ទៅ២៥% ៕