ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូសង់បុិចបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ហើយបើករត់ទៅកៀររ៉ឺម៉កកង់បី បណ្ដាលឲ្យក្រឡាប់ និងរបួសស្រាលម្នាក់ទៀត

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកទៅបុកម៉ូតូសង់បុិចបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ហើយរថយន្តបង្កនោះបានបន្ថែមល្បឿនរត់ ទៅកៀររ៉ឺម៉កកង់បីមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរបណ្ដាលឲ្យក្រឡាប់ និងរបួសស្រាលម្នាក់ទៀត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោ០៩ និង៣០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តាយផ្លូវជាតិលេខ៣ មុខការ៉ាស់សាំងតេលា ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ភាគីខាងម៉ូតូរងគ្រោះម៉ាក HONDA C110 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BV-4670 បើកបរដោយឈ្មោះ ហេង ហាក់ ភេទប្រុស អាយុ២៣ឆ្នាំ (ស្លាប់នៅនឹងកន្លែង) មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ភាគីរងគ្រោះខាងរ៉ឺម៉កកង់បី មានឈ្មោះ ចក់ ផល្លា ភេទប្រុស អាយុ៣៩ឆ្នាំ (រងរបួលស្រាល) មុខរបរ រត់កង់បី មានស្រុកកំណើត ភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ រីឯភាគីខាងរថយន្តបង្កមិនស្គាល់ម៉ាក (តៃកុងបើកគេចបាត់ពីកន្លែងកើតហេតុ ) ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះភាគីខាងម៉ូតូ ជិះតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ៣ ទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ ទំនងជនរងគ្រោះបត់ត្រឡប់ក្រោយ ស្រាប់តែរថយន្តបង្កមិនស្គាល់ម៉ាក បុកចំប្រឆិតពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ភ្លាមនោះ រថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ ស្រាប់តែបន្ថែមល្បឿនទៅកៀររ៉ឺម៉កកង់បីមួយគ្រឿងទៀតកំពុងធ្វើដំណើរ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ឯអ្នកបើកបររងរបួសស្រាល ។

ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅបុណ្យតាមប្រពៃណី ។ រីឯម៉ូតូ និងរ៉ឺម៉កកង់បី ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយតាមក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖