ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ិន ច័ន្ទនីរ័ត្ន វិលរកការសម្តែងភាពយន្តភាគ ក្រោយផ្អាកជាច្រើនឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ពិធីការិនីស្រស់សោភា បានសាងភាពភ្ញាក់ផ្អើលខ្លាំង សម្រាប់អ្នកគាំទ្រក្រោយពីនាងសម្រេចចិត្តទទួលយកការសម្តែង ភាពយន្តជាថ្មីក្នុងភាពយន្តខ្នាតធំរឿង ធ្មប់ ។

ក្រោយភាពយន្តនេះកំពុងផ្ទុះចេញការគាំទ្រខ្លាំងនាងថា នឹងអាចជាកម្លាំងចិត្តថ្មីសម្រាប់នាងពិចារណាថតភាពយន្តថ្មី បន្ទាប់ទៀត ហើយថ្មីៗនេះ នាងបានលេចមុខជាថ្មីក្នុងការសម្តែងភាពយន្តភាគថ្មីរបស់ទូរទស្សន៍បាយ័នគឺរឿង ទាសីបេះដូង ។

ខកខានសម្តែងអស់ជាច្រើនឆ្នាំមកហើយដែល ហ៊ិន ច័ន្ទនីរ័ត្ន លុបចោលការសម្តែង ព្រោះតែនាងលើកហេតុផលថា មិនមានពេលគ្រប់គ្រាន់ក្នុងការចេញថត ។ ប៉ុន្តែមានការខ្សឹបខ្សៀវថា នាងមិនថត ព្រោះតែជាប់បម្រាមគូស្នេហ៍ និងមិនចង់ឲ្យនាងហត់ និងថតក្រោមកម្តៅថ្ងៃ ពិសេសគេចចេញពីការប៉ះពាល់សាច់ ។

ការលើកឡើងនេះ ធ្លាប់ត្រូវបាននាងច្រានចោលថា មិនមែនជាការពិត ។ តារាស្រីរូបនេះលើកឡើងថា គឺនាងមានការងារជាពិធីករច្រើននៅទូរទស្សន៍បាយ័ន និងការងារជាពិធីការិនីក្នុងកម្មវិធីខាងក្រៅជាច្រើនទៀត ។ ការចាក់បញ្ចាំង ស្នាដៃដំបូង នាដើមឆ្នាំ២០១៨ កន្លងមកគឺរឿង ធ្មប់ ឮទទូលការគាំទ្រ ជាខ្លាំងពីទស្សនិកជននោះបានធ្វើឲ្យនាងពេញចិត្តជាខ្លាំង ។ នាងលើកឡើងថា ការទទួលជោគជ័យ ពីស្នាដៃដំបូងក្នុងឆ្នាំថ្មី គឺជាការបើកផ្លូវសម្រាប់កញ្ញា ដើម្បីបន្តសម្ដែងភាពយន្តថែមទៀត ។

ដូចកញ្ញាបានសន្យាថា នឹងអាចថតភាពយន្ត ១ទៅ២រឿងទៀត ក្នុងឆ្នាំថ្មីនេះ ប្រសិនបើរឿង ធ្មប់ ទទួលការគាំទ្រ ពីទស្សនិកជន ។ កញ្ញា ចាប់ផ្ដើមទទួលថតភាពយន្តបន្តទៀត ប្រសិនបើផលិតករ ទាក់ទងមក ទោះជារវល់ការងារ ផ្សេងៗទៀតក៏ដោយ ។

ភាពយន្តថ្មី ទាសីបេះដូង ទើបនឹងចាប់ផ្តើមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍បាយ័នចាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បត្តិ៍ចាប់ពីម៉ោង៧ដល់ម៉ោង៨យប់ បន្ទាប់ពីរឿង ភរិយាឥតខាន់ស្លា ។ ភាពយន្តនេះ នាងបានសម្តែងជាតួឯករួមជាមួយតួប្រុសស្រស់សង្ហា លោក សេង មង្គល ។ តាមសន្ទុះនៃការគាំទ្រភាពយន្តនេះក៏មានមិនធម្មតា ដែលគេដឹងថាជារសជាតិថ្មីនៃការសម្តែងរួមគ្នារវាងសិល្បករំងពីរក្នុងការសម្តែងរួមគ្នាលើកដំបូង ។

ទោះជាយ៉ាងណាតារាស្រីរូបនេះ មិនធ្លាប់បានបញ្ជាក់ពីតម្លៃខ្លួននៃការចេញថតភាពយន្តនេះទេ ប៉ុន្តែតាមការបង្ហើបពីប្រភពនានាកញ្ញា ទទួលបានប្រាក់កម្រៃមិនក្រោម ៥ពាន់ដុល្លារនោះទេ ពីការសម្តែងកន្លងមកប៉ុន្តែសម្រាប់ភាពយន្តភាគនេះគឺមានការសម្របសម្រួលតម្លៃច្រើន ព្រោះតែនាងក៏ជាពិធីការិនីប្រចាំទូរទស្សន៍នេះផងដែរ ។ ស្នាដៃល្បីល្បាញនេះ ដែលជាហេតុធ្វើឱ្យកញ្ញាក្លាយជាតារាមានទីផ្សារខ្ពស់ម្នាក់ ក្នុងចំណោមតារាសម្ដែងស្រីលំដាប់ជួរមុខមួយចំនួន ៕ វឌ្ឍនា


ចែករំលែក៖