ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ ក៏ត្រូវរថយន្តកុងតីន័របើកបញ្ច្រាសគ្នា ចាប់ហ្វ្រាំងមិនទាន់ បុកពេញទំហឹងកាលពីថ្ងៃសុក្រ ០៧ កើត ខែ ពិសាខ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក ស្ថិតលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១២១ និងលេខ១២២ ស្ថិតក្នុងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះសៅ សារុនអាយុ៥៤ ឆ្នាំ មុខរបរកសិករភូមិធ្មល់សង្កាត់ចេក ក្រុងស្វាយរៀងជិះម៉ូ តូម៉ាកហុងដា C១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង ១D៩៤២៦ ខូចខាតយ៉ាងដំណំ ។
ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនបន្សល់រថយន្តម៉ាកកុងតីន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C.៤៤០៩ ស៊ីមីរ៉ឺម៉ក លេខ ៤A.៥៧៣១។
បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីលិចមកកើត លើកំណាត់ផ្លូវជាតិលេខ១ ហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តកុងតឺន័ររមួយគ្រឿងជារបស់ក្រុមហ៊ុនអូលែរ បើកក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ភ្លាមៗផងដែរ ។
សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងវាស់វែង និងអូសយកមធ្យោបាយរថយន្ត និងម៉ូតូមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តដើម្បីដោះស្រាយតាមច្បាប់ពេលក្រោយ ៕ យឹម សុថាន