ព័ត៌មានទាន់ហេតុការណ៍៖

សិប្បកម្ម​កែច្នៃ​ឈើច្រើនស្អេកស្កះនៅស្រុកភ្នំក្រវាញ មេព្រៃ​ថា ជាប់រវល់​សម្រាកបុណ្យចម្រើនព្រះជន្ម ទើបមិនបានបង្ក្រាប

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បទល្មើសព្រៃឈើ​នៅ​ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គ្មានការថមថយ​នោះឡើយ ។ ពួកមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ​កំពុង​សំលៀង​​កាំបិត និងកម្លាំង​ដើម្បីកាប់បំផ្លាញបទល្មើសទាំង​នោះ ។ អ្វីដែលសំខាន់ជាងនេះ បទល្មើស​ដែលអាចមើលដោយផ្ទាល់ភ្នែកឃើញ ជារៀងរាល់ថ្ងៃនៅនឹងកន្លែងនោះ គឺ​សិប្បកម្មកែច្នៃឈើ​ប្រណីតច្រើនស្អេកស្កះ ទាំងមានច្បាប់ និងគ្មានច្បាប់ ។ មន្ត្រីជំនាញ​រដ្ឋបាលព្រៃឈើ​កំពុងរៀបចំផែនការ និងយុទ្ធសាស្ត្រ​មាំទាំ ដើម្បីចុះបង្ក្រាបផ្តាច់ពូជរោងសិប្បកម្ម​កែច្នៃឈើ​នៅក្នុងស្រុក​ភ្នំក្រវាញ​នេះ បន្ទាប់ពីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ​នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ រាយការណ៍ថា សិប្បកម្មកែច្នៃឈើប្រណីត ដែល​បានមកពីការកាប់បំផ្លាញព្រៃឈើ​នៅក្នុងតំបន់ អូសចូលរោងសិប្បកម្ម ទាំងមានច្បាប់ និងអត់ច្បាប់នៅក្នុងស្រុក​ភ្នំក្រវាញ មានច្រើន​រាប់រយកន្លែង ។ បើទោះបីជារោងសិប្បកម្មទាំងនោះ មានច្បាប់ ក៏ត្រូវបង់លុយឲ្យមេព្រៃ ហើយរោងសិប្បកម្មដែលអត់ច្បាប់ ក៏ត្រូវតែបង់លុយដែរ គ្រាន់តែថា អ្នកអត់ច្បាប់បង់ច្រើនបន្តិច ។ ប្រភពបន្ថែមថា លោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើ​ភ្នំ​ក្រវាញ ជាអ្នកដែលពង្រាយកម្លាំង ចុះប្រមូលប្រាក់​ពីតាម​រោងសិប្បកម្មកែច្នៃឈើ​ប្រណីត ទាំងមាន​ដាក់ខែ, បង់សប្តាហ៍ តិច ឬច្រើន​ទៅតាមទំហំការងាររបស់សិប្បកម្មនីមួយៗ ។

ម្ចាស់រោងសិប្បកម្មមួយរូបនិយាយថា «​បងអើយ! បើមិនបង់លុយឲ្យមេព្រៃ តើគេឲ្យយើងធ្វើស្រួលៗឬ?» ។ ម្ចាស់​សិប្បកម្ម​នេះ​បានបន្ថែមថា ក្រៅតែពីបង់ប្រាក់​ឲ្យជំនាញ មានទាំងនាយផ្នែក នាយសង្កាត់ ក៏នៅមានសមត្ថកិច្ចផ្សេងៗទៀត មកទារលុយវក់វី ជារៀងរាល់ថ្ងៃ ។ ប្រភពខាងលើបន្ថែមថា របររកស៊ីបើមិនបង់ប្រាក់ឲ្យសមត្ថកិច្ច ជំនាញ គឺមិនបានសុខនោះឡើយ ។ យ៉ាងណាក៏ដោយ ការចំណាយប្រាក់ មិនមានលិខិតស្នាមអ្វីទេ គឺទៅតាមលទ្ធភាពជាក់ស្តែង អ្នកខ្លះយូរៗមកម្តង អាចបានលុយច្រើន ប៉ុន្តែសមត្ថកិច្ចខ្លះ មកញឹកញាប់ពេក គ្រាន់តែបានកាហ្វេ គុយទាវ ប៉ុណ្ណោះ ។

លោកពាក្យ មនោ នាយសង្កាត់រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ អះអាងថា សមត្ថកិច្ចរបស់លោក បានរៀបចំផែនការ និងយុទ្ធសាស្រ្តជាយូរមកហើយ ជាពិសេស​បានសុំគោលការណ៍ថ្នាក់លើចុះបង្ក្រាប សិប្បកម្មកែច្នៃឈើ​នៅក្នុងមូលដ្ឋានស្រុកភ្នំក្រវាញនេះហើយ ។ លោកថា បើកុំតែជាប់រវល់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ កុំអីកម្លាំងរបស់លោក​ចុះទៅបង្ក្រាបរោងសិប្បកម្ម​ទាំងនោះគ្មានឲ្យរត់រួចមួយទេ ។ លោកបញ្ជាក់ប្រាប់អ្នកកាសែតថា សង្ឃឹមចុះ បន្ទាប់ពី​បុណ្យចម្រើនព្រះជន្មហើយ យើងចុះបង្ក្រាបមិនឲ្យរួចខ្លួនឡើយ ។

ប៉ុន្តែម្ចាស់សិប្បកម្ម​ភាគច្រើនអះអាងថា ពួកគេដំណើរការ​បើករោងសិប្បកម្មនៅក្នុងមូលដ្ឋានស្រុកភ្នំក្រវាញនេះ​ជាយូរឆ្នាំមកហើយៗ ក៏បានចំណាយប្រាក់ទាំងស្របច្បាប់ និងមិនស្របច្បាប់​ឲ្យពួកមន្ត្រីមេព្រៃអស់ច្រើនហើយដែរ ។ ដូច្នេះចំពោះការលើកឡើង ឬការប្តេជ្ញាចិត្ត​របស់លោក ពាក្យ មនោ គឺជារឿងដោះសា ឬជាការសន្យាជាមួយអ្នកកាសែត​បោកប្រាស់តែប៉ុណ្ណោះ ។ គេថា បន្ទាប់ពី​បុណ្យ ចម្រើនព្រះជន្ម​រួច មុខជាមានលេះអ្វីដោះសាជាមិនខាន ។ ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើ ក៏ដូចជាម្ចាស់រោងសិប្បកម្មកែច្នៃឈើ​ប្រណីតនានា​នៅស្រុកភ្នំក្រវាញអះអាងថា គ្មាននរណាល្ងង់​ទៅវាយបំបែកឆ្នាំងបាយខ្លួនឯងនោះទេ ។

លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់អះអាងថា លោកបានប្រជុំ​ពីរលើករួចមកហើយអំពី​បញ្ហាខាងលើនេះជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បន្ទាប់ពីក្រុមមន្ត្រីអធិការកិច្ច​ចុះ​ពិនិត្យបញ្ហាបទល្មើសនៅស្រុកភ្នំក្រវាញនោះ ។ ទោះយ៉ាងណាក៏ដោយ លោកនឹងកោះហៅ មន្ត្រីព្រៃឈើ​មកសួរនាំរឿងនេះ ឲ្យបានច្បាស់លាស់ ។ លោកប្រធានមន្ទីរបញ្ជាក់ថា បញ្ហានេះ ក្រុមមន្ត្រីអធិការកិច្ច​បានចុះធ្វើការ​ដោយចំណាយពេលជាយូរ ប៉ុន្តែ​ក៏មិនទាន់ឃើញមានលទ្ធផលអ្វី​យកមកផ្សព្វផ្សាយ​នោះដែរ ៕ ប៉ឹម ពិន


ចែករំលែក៖