ភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់បាញ់អាប៉ោងមួយកន្លែងស្ថិតនៅ ភូមិចម្រើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការវិញហើយយ៉ាងរលូន ដោយទទួលអ្នកញៀនល្បែងស៊ីសងទាំងនោះ មិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចថ្នាក់ណាបង្ក្រាបទេ បន្ទាប់ពីអាជ្ញាធរ ខណ្ឌមានជ័យ បានត្រឹមតែបង្អើលទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោង មួយនេះបានបិទទ្វារមិនបានប៉ុន្មាន ថ្ងៃផង ។
តាមសម្តីពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ បានបង្ហើបថា គាត់មិន ដែលឃើញ អាជ្ញាធរមានសមត្ថកិច្ច ខណ្ឌមានជ័យ ចុះមកត្រួតពិនិត្យម្តងណាឡើយ គឺស្ងាត់ជ្រាបដូចចោរលួចសេះ ហើយបើចុះមកវិញ បានត្រឹមតែបង្អើលសង្វៀនជល់មាន់ និងបាញ់អាប៉ោងមួយនេះ បិទទ្វារមិនបានប៉ុន្មាន ថ្ងៃផង ក៏បើកលេងវិញ យ៉ាងរលូន ព្រោះអ្នកសារព័ត៌មានផ្សព្វផ្សាយខ្លាំងពេក ។
ពលរដ្ឋបន្តថា ទីតាំងខាងលើនេះ គាត់បានឃើញមន្ត្រីនគរបាល ខណ្ឌមានជ័យម្នាក់ ចេញចូលៗទីនេះដែរមិនដឹងថា មកកាងល្បែងស៊ីសងខុសច្បាប់ ឬ មួយគាត់មកសម្របសម្រួលសង្វៀនខុសច្បាប់ បើតាមដឹងម្ចាស់សង្វៀនជល់មាន់ និងបាញ់អាប៉ោងមួយនេះ អាចមានទំនាក់ទំនងជាប់ពាក់ពន្ធ័មន្ត្រី នគរបាលម្នាក់ក្នុង ខណ្ឌមានជ័យនេះ ហើយបើកទទួលភ្ញៀវឲ្យចូលលេង ចាក់១គូរាប់ពាន់ដុល្លារឯណោះ រហូតទៅដល់១០គូ ក៏មានដែរ ជាពិសេសសំរាប់ ថ្ងៃសុក្រ សៅរ៍ និង អាទិត្យ បានលេងយ៉ាងត្រជាក់ចិត្តតែម្តង មិនរំខានចិត្តដល់អាជ្ញាធរមូលដ្ឋានឡើយ ។
គួររំលឹកផងដែរថា ទីតាំងខាងលើនេះ កន្លងមក ត្រូវបានកម្លាំងសមត្ថកិច្ចការិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្លាប់ចុះបង្ក្រាបម្តងរួចមកហើយ កាលពីប៉ុន្មាន ខែមុន ក្នុងនោះចាប់ឃាត់ខ្លួនអ្នកញៀន ល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បាន១០នាក់ និងដកហូតបានម៉ូតូមួយចំនួនធំ ព្រមទាំងវត្ថុតាងជាច្រើនទៀត រួចបញ្ជូនទៅកាន់ការិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាលចាត់ការតាមច្បាប់ ។
ប៉ុន្តែមិនបានប៉ុន្មាន ខែផង ទីតាំងមួយនេះ បើកដំណើរការវិញដដែល មិនដឹងថា ម្ចាស់សង្វៀននេះ មានខ្នងបង្អែក ឬខ្សែស្រឡាយណានោះទេ? ទើបហ៊ានបើកលេងវិញយ៉ាងឆាប់រហ័សដូច្នេះសោះ? ដោយសព្វ ថ្ងៃពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែង មានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយ ភូមិ- សង្កាត់មានសុវត្ថិភាព ។
កន្លងមកនេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់បានប្តេជ្ញាចិត្តហើយ គឺបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសង ខុសច្បាប់ក្នុងទឹកដីរាជធានីភ្នំពេញ ដើម្បីធានា ឲ្យបាននូវ ភូមិ ឃុំ មានសុវត្ថិភាព ស្រប តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញអនុវត្តទូទាំងប្រទេស ។
បច្ចុប្បន្នពលរដ្ឋ ដែលរស់នៅក្នុង ភូមិចម្រើនផល ក៏បានសំណូមពរដល់ លោក ពេជ្រ កែវមុន្នី អភិបាល ខណ្ឌមានជ័យ និង លោក ម៉េង វិមានតារា អធិការនគរបាល ខណ្ឌមានជ័យ ព្រមទាំង លោក សួស សារិន ចៅ សង្កាត់បឹងទំពុនទី១ និង លោក មេប៉ុស្តិ៍បឹងទំពុនទី១ សូមមេត្តាចុះមកពិនិត្យមើលទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោងខុសច្បាប់មួយនេះផង ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់ទៅលើអាជ្ញាធរមូលដ្ឋានផងដែរ ៕ស រស្មី